ភ្នំពេញ៖ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០​ យោងតាមការជូនដំណឹងតាមរយៈប្រព័ន្ធតេឡេក្រាមរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ មានឈ្មោះ រ៉ូស វីរ៉ា បានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក។

លោកជំទា​វបានបញ្ជាក់ឲ្យដឹងថា ស្រ្តីខ្មែរសញ្ជាតិអាមេរិកាំងរូបនេះ បានចូលមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ ស្ត្រីរូបនេះ ជាអ្នកធ្វើដំណើរជាមួយមន្ត្រីស្ថានទូតអាមេរិកពីររូប ដែលរកឃើញមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅនេះ។ ស្ត្រីរូបនេះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។

ហើយនៅយប់ថ្ងៃទី១៧ ខែកក្កដា ស្ត្រីរូបនេះ បានស្នាក់នៅក្នុងបន្ទប់របស់ខ្លួនធម្មតាប។ ស្រាប់តែព្រឹកឡើងម៉ោងប្រមាណ៧ព្រឹកថ្ងៃទី១៨ ខែកក្កដា ពេលក្រុមគ្រូពេទ្យយកអាហារទៅជូនមិនឃើញទើបមានការភ្ញាក់ផ្អើលតែម្តង។

លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ថា មកដល់រសៀលថ្ងៃនេះ កម្លាំងសមត្ថកិច្ចកំពុងតាមស្រាវជ្រាវរកស្ត្រីរូបនេះត្រឡប់មកវិញ។ លោកស្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានឃើញស្ត្រីមានភិនភាគដូចក្នុងរូបថត សូមប្រញាប់រាយការណ៍ទៅអាជ្ញាធរក្នុងមូលដ្ឋាន ៕