រាជធានី​ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍​របស់​គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ​មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ «Troll យឹ​ម តន​» បាន​បង្ហោះ​វី​ដេ​អូ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ជា​បទ​ចម្រៀង​លាយឡំ​ជាមួយ​ការ​កាត់ត​រូបភាព​បព្វជិត​សង្ឃ​ពុទ្ធសាសនា​ក្នុង​លក្ខណៈ​អាសអាភាស​ជាមួយ​ស្ត្រីភេទ ដោយ​ប្រើ​ពាក្យពេចន៍​ក្នុង​ខ្លឹមសារ​វាយប្រហារ​ប្រកបដោយ​ចេតនា​បំផ្លិចបំផ្លាញ​កិត្តិយស សេចក្តី​ថ្លៃថ្នូរ​ក៏​ដូច​ជា​តម្លៃ​ពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ ។

ក្រសួង​ធម្មការ និង​សាសនា ក៏​បាន​ធ្វើ​លិខិតស្នើ​សុំ​ឯកឧត្តម ខៀវ កា​ញា​រឹទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចាត់វិធានការ​លុយ​វី​ដេ​អូ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Troll យឹ​ម តន​» និង​គណនី Youtube ឈ្មោះ «Troll ចោរ​ថង់យាម Official» ដែល​បាន​បង្ហោះ​វី​ដេ​អូ​ចម្រៀង​បទ «​ស្រឡាញ់​ប៉ះ​ចំ​តែ​សង្សារលោក​» ចូល​ក្នុង​បណ្តាញ Youtube កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២០ និង​បង្ហោះ​ចូល​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ កន្លង​មក​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​ជា​ខ្លាំង ។

ក្នុង​នោះ​ផង​ដែរ​ក្រសួង​ធម្មការ និង​សាសនា ក៏​បាន​ធ្វើ​លិខិតស្នើ​សុំ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្នើ​សុំ​ជួយ​ស្រាវជ្រាវ​រក​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Troll យឹ​ម តន​» និង​គណនី Youtube ឈ្មោះ «Troll ចោរ​ថង់យាម Official» ដែល​បាន​បង្ហោះ​វី​ដេ​អូ​ចម្រៀង​បទ «​ស្រឡាញ់​ប៉ះ​ចំ​តែ​សង្សារលោក​» ដែល​មាន​អត្ថន័យ រូបភាព និង​អត្ថន័យ​ក្នុង​ឆ​ន្ទះ​ទុច្ចរិត​អាក្រក់ ញុះញង់​ឲ្យ​មានការ​រើស​អើ​ស បង្ក​ឲ្យ​មាន​ភាព​ចលាចល និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សង្គម ។

តាម​ប្រភព​សេចក្តី​ថ្លែង​ការ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ផ្អែក​តាម​មូលដ្ឋាន​នេះ​ដើម្បី​ទប់ស្កាត់​ទ​ង្វើ​ពាល​អកុសល​កុំ​ឲ្យ​កើតឡើង​ដដែល​ៗ គណៈសង្ឃ​យក នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប​ដិ​សេ​ដ​យ៉ាង​ដាច់អហង្ការ និង​ថ្កោលទោស​ចំពោះ​ទ​ង្វើ​ដ៏​ស្មោកគ្រោក អ​សីល​ធ​ម៍ ទុច្ចរិត និង​ភាព​ជា​អមនុស្ស ហើយ​សូម​ស្នើ​ក្រសួង​ធម្មការ និង​សាសនា ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​លើ​អ្នកគ្រប់គ្រង​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន ៕