ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង។

នាក្នុងឱកាសនោះផងដែរ សម្ដេច ហ៊ុន សែន បានលើកឡើងថា «កុំនាំចូល(សត្វ )ពីគេ ហើយសម្លាប់ការចិញ្ចឹមសត្វក្នុងប្រទេសរបស់ខ្លួន។ ខ្ញុំមិនយល់ស្របចំណុចហ្នឹងទេ»។ សម្ដេចក៏បានអះអាងថា សម្ដេចបានបដិសេធសំណើរបស់ក្រុមហ៊ុនឯកជនមួយ ដែលបានស្នើសុំនាំចូលជ្រូក១លានក្បាលពីប្រទេសថៃ មកកម្ពុជា។ សម្ដេច អះអាងថា បើសម្ដេចយល់ព្រមតាមសំណើនោះ វាហាក់ដូចជាសម្លាប់កសិករខ្មែរ ដែលកំពុងចិញ្ចឹមជ្រូក ក៏ដូចជាការចិញ្ចឹមសត្វដទៃទៀតដែរ។ មិនតែប៉ុណ្ណោះនោះ ការនាំចូលជ្រូក ឬសត្វដទៃពីប្រទេសថៃនោះ វាក៏បើកឱកាសទីផ្សារឱ្យថៃ ជាងកម្ពុជា ដែលធ្វើឱ្យខាតប្រយោជន៍កសិករខ្មែរ។

គួររំលឹកថា បច្ចុប្បន្ននេះកម្ពុជា មានតម្រូវការសាច់ជាង២៩ម៉ឺនតោនក្នុងមួយឆ្នាំ ខណៈដែលកម្ពុជាអាចផ្គត់ផ្គង់ក្នុងស្រុកខ្លួនឯង បានជាង២៣ម៉ឺនតោន ដែលស្មើ៨២ភាគារយប៉ុណ្ណោះ។ ក្នុងន័យនេះប្រមុខរដ្ឋាភិបាល បានជំរុញឱ្យកសិករទាំងអស់ ខិតខំបង្កើនផល ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដែលនៅសល់១៨ភាគរយទៀត ស្របពេលដែលរដ្ឋាភិបាល កំពុងលើកទឹកចិត្ត និងគាំទ្រ ដើម្បីកាត់បន្ថយការនាំចូលនេះ។