រាជធានីភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានចែកចាយកូនឈើជូនសាធារណជនបានចំនួនជិត៥ម៉ឺនដើមហើយក្នុងរយៈពេលជាងមួយខែនៃយុទ្ធនាការដាំ និងចែកចាយកូនឈើក្នុងរដូវវស្សាឆ្នាំ២០២០នេះ។

ក្នុងនោះប្រភេទឈើដែល អាជ្ញាធរជាតិអប្សរា បានចែកចាយមានដូចជា គ្រញូង ធ្នង់ បេង ច្រេស ឈើទាល គគីរ កកោះ រំដួល គុយ សិរមាន់ ផ្កាក្ងោក ផ្កាឥន្ទនេលជាដើម ជូនដល់ស្ថាប័នរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារាម វិស័យឯកជន និងសាធារណជនទូទៅបានចំនួនជិត៥ម៉ឺនដើម ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការស្តារ និងបង្កើនគម្របព្រៃឈើឲ្យប្រសើរឡើងវិញ ទាំងក្នុងតំបន់សៀមរាប អង្គរ និងតាមបណ្តាខេត្តនានា។

ការផ្តល់ជូនទាំងនោះមានដូចជា៖ មន្ទីរបរិស្ថានខេត្តសៀមរាបចំនួន៣,០០០ដើម, ទីបញ្ជាការយោធភូមិភាគ៤ ចំនួន៥,០០០ដើម, រដ្ឋបាលស្រុកបន្ទាយស្រីចំនួន១,៥០០ដើម, រដ្ឋបាលស្រុកក្រឡាញ់ចំនួន៣,០០០ដើម, សាលាសង្កាត់គោកចកចំនួន១,៥០០ដើម, មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាចំនួន៣,៣០០ដើម, ធនាគារជាតិនៃកម្ពុជាចំនួន៨៥០ដើម, ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបចំនួន១០,៧០០ដើម, ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ(ទឹកអូគូលែន) ចំនួន២,០០០ដើម
ក្រៅពីនោះមានសាលារៀន វត្តអារាម ក្រុមហ៊ុន អង្គការ សហគមន៍ និងប្រជាពលរដ្ឋចំនួន១៦,៩៨០ដើមទៀតផងដែរ៕