រាជធានីភ្នំពេញ ៖ ទីតាំងអាជីវកម្មខារ៉ាអូខេ២កន្លែងដែលស្ថិតនៅសង្កាត់ផ្សារដើមថ្កូវបានបើកដំណើរការអាជីវកម្មខារ៉ាអូខេរបស់ខ្លួនជាធម្មតាដែលខុសពីសេចក្តីណែនាំដោយអនុញ្ញាតឲ្យបើកលក្ខណៈជាភោជនីយដ្ឋានត្រូវបានកម្លាំងសមត្ថកិច្ចចុះផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ។ ករណីចុះផ្អាកអាជីវកម្មខារ៉ាអូខេ២ទីតាំងខាងលើនេះកើតឡើងកាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នា២០២០ ស្ថិតនៅផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន ។

 

គណ:បញ្ជាការឯកភាពខណ្ឌចម្ការមនដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌចម្ការមនបានចុះត្រួតពិនិត្យទីតាំងអាជីវកម្មខារ៉ាអូខេចំនួន០២កន្លែងខាងលើ ស្ថិតនៅផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ដោយរកឃើញថា បានបើកដំណើរការខារ៉ាអូខេឡើងវិញដោយខុសពីគោលការណ៍ដែលណែនាំឲ្យបើកលក្ខណៈជាភោជនីយដ្ឋាន ។

ក្រោយពីក្រុមការងារពិនិត្យរួចមកឃើញថា ទីតាំងអាជីវកម្មខាងលើនៅបើកដំណើរការខារ៉ាអូខេជាធម្មតា ។ ដូចនេះក្រុមការងារបានណែនាំឲ្យម្ចាស់អាជីវកម្មផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ដោយឲ្យប្រែក្លាយទីតាំងខាងលើនេះទៅជាភោជនីយដ្ឋានវិញ ប៉ុន្តែត្រូវមានលិខិតអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ៕