បរទេស៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី១៣​ ខែកក្កដា ឆ្នាំ២០២០​ បានឲ្យដឹងថា រដ្ឋបាលខេត្តរ៉ាក់យ៉ង ប្រទេសថៃ បានប្រកាសបញ្ជាឲ្យបិទសាលារៀនចំនួន៨ ជាបន្ទាន់ ដោយពុំទាន់កំណត់នៅថ្ងៃបើកវិញ គឺចាប់ផ្ដើមបិទចាប់ពីថ្ងៃទី១៤ ខែកក្កដានេះតទៅ ក្រោយរកឃើញករណីឆ្លងកូវីដ-១៩ នៅក្នុងខេត្តនោះ។

យ៉ាងណាមិញយោងតាមការផ្ដល់បទជាមួយលោក សុករ៉ាសាក់ សិរិឈោគ អភិបាលខេត្តរ៉ាក់យ៉ង បានមានប្រសាសន៌ឲ្យដឹងថា ខាងគណៈកម្មាធិការត្រួតពិនិត្យជំងឺឆ្លងខេត្ត បានធ្វើការត្រួតពិនិត្យជាមួយគណៈកម្មាធិការត្រួតពិនិត្យជំងឺឆ្លងជាតិ ដើម្បីធ្វើតេស្ដឲ្យច្បាស់លាស់ក្នុងការឈានដល់ការកំណត់ចំនួនសរុបនៃអ្នកឆ្លងវីរុសកូវីដ-១៩ ទូទាំងខេត្តរ៉ាក់យ៉ង់។

គួរបញ្ជាក់ថា ករណីឆ្លងកូវីដ-១៩ នៅក្នុងខេត្តរ៉ាក់យ៉ង់ ត្រូវបានប្រទះឃើញទៅលើបុរសទាហានជនជាតិអេហ្សីប ដែលបានស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែង ព្រមទាំងបានធ្វើដំណើរទៅតាមហាង ផ្សារ នានា ដែលបានធ្វើឲ្យអាជ្ញាធរខេត្តមានការព្រួយបារម្ភយ៉ាងខ្លាំង ៕