រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត​សភាចា​រ្យ រស់ ច​ន្ត្រា​បុត្រ ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ឈឺ​ធ្ងន់ ហើយ​កំពុង​សង្គ្រោះ​បន្ទាន់ ផ្នែក​បេះដូង នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ ២ថ្ងៃមកហើយ។

តាម​គណនី​របស់ Chea Vanny (​ពុទ្ធិកា​) ដែល​អះអាង​ថា​ ជា​កូនធម៌​របស់​លោក​បណ្ឌិត រស់ ច​ន្ត្រា​បុត្រ បាន​សរសេរ​នៅម៉ោង៦ល្ងាចថ្ងៃទី១៣ កក្កដា នេះថា «​នាង​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម លោក​ជំទាវ លោក លោកស្រី អ្នក​នាង​ក​ញ៉ា​ទាំងអស់​ដែល​បាន​ជូនពរ​លោកប៉ា រស់ ច​ន្ត្រា​បុត្រ ដែល​លោក​កំពុង​ស្ថិត​នៅ​ក្នុង​អគារ​សង្គ្រោះ​បន្ទាន់​ផ្នែក​បេះដូង​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ហើយ​ស្ថានភាព​នៃ​ជំងឺ​របស់​លោក គឺ​ត្រូវការ​ធ្វើការ​វះកាត់​ជា​បន្ទាន់ និង​ត្រូវការ​ឈាម​ច្រើន​ដើម្បី​ប្រតិបត្តិការ​»​។

គណនី​ដដែល​បាន​សរសេរ​ទៀត​ថា «​ដូច្នេះ​បើសិនជា​លោក លោកស្រី អ្នក​នាង​កញ្ញា​មានចិត្ត​សប្បុរស​បរិ​ច្ចាក​ឈាម​ជូន​លោក នាង​ខ្ញុំ​ជា​កូនធម៌​ក៏​ដូច​ជា​ក្រុម​គ្រួសារ​សូម​ថ្លែង​អំណរ​អរគុណ​ទុកជា​មុន​នូវ​សមានចិត្ត​សប្បុរស​របស់​លោក​អ្នក និង​សូម​បួងសួង​គោរព​ជូនពរ​លោក​អ្នក សូម​មាន​សុខភាព​ល្អ និង​ជោគជ័យ​ការងារ​គ្រប់ពេលវេលា​» ៕