រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ប្តី​ដែល​សម្លាប់​ប្រពន្ធ​ទាំង​មានកូន​ក្នុង​ផ្ទៃ​៥​ខែ​រួច​យក​ពូថៅ​ញាត់​ចូល​មាត់​សព​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ក្របួច​.​កបាន​ហើយ​នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ នេះ​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជន​ដៃដល់​ជា​ប្ដី​ឈ្មោះ កែវ វណ្ណៈ ហៅ​ណា​ក់ អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុង​ដី​ឡូ​តិ៍​គ្មាន​លេខ ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ​។ ចំណែកឯ​ស្ត្រី​រង​គ្រោះ​ឈ្មោះ ស្រី​ពៅ អាយុ​ប្រហែល​៣៥​ឆ្នាំ មាន​ផ្ទៃពោះ​ប្រហែល​៥​ខែ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។

សូម​រម្លឹក​ផង​ដែរ​ថា ហេតុការណ៍​ឃាតកម្ម​ប្តី​សម្លាប់​ប្រពន្ធ​ទាំង​កូន​ក្នុង​ផ្ទៃ​៥​ខែ​នេះ​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០​។ មុន​ពេល​កើតហេតុ កុមារ​ម្នាក់​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​រៀបរាប់​ថា ខណៈ​រូបគេ​កំពុង​អង្គុយ​លេង​ហ្គេ​ម​ទូរស័ព្ទ​នៅផ្ទះ ដែល​ស្ថិត​ក្នុងភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ស្រាប់តែ​លែ​សំឡេង​ឈ្មោះ កែវ វណ្ណៈ ដែល​រស់នៅ​ក្នុង​ដី​ឡូត៍​ក្បែរ​ផ្ទះ បាន​ស្រែក​ឲ្យ​ប្រពន្ធ​ថា ខាំ​អណ្តាត​ធ្វើ​អី ហើយ​ជនសង្ស័យ​ឈ្មោះ កែវ វណ្ណៈ បាន​ជិះ​កង់​គេចខ្លួន​បាត់​។

ក្រោយមក​ឈ្មោះ យន់ មក​រា បាន​ទូរស័ព្ទ​ប្រាប់​ម្តាយ​របស់​ខ្លួន​ឲ្យ​បានដឹង​រឿង ក៏​ផ្អើល​ឆោឡោ​ឡើង​ភ្លាម​ៗ​នោះ នៅ​វេលា​ម៉ោង​៨៖២០​នាទី​យប់ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​១ បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ក៏​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់ ដោយ​មាន​ពូថៅ​ដង​ឈើ​នៅ​ក្នុង​មាត់ និង​មាន​ស្កុ​ត​ថ្លា​១​ដុំ​នៅ​ក្បែរ​ខ្លួន​សព​។

ក្រោយមក​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​១ បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​ការិយាល័យ​ជំនាញ​កោសល្យ​វិ​ច្ច័​យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​វេជ្ជបណ្ឌិត ន​ង សុ​វ​ណ្ណា​រ័​ត្ន គ្រូពេទ្យ​កោសល្យ​វិ​ច្ច័​យ​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​មក​ធ្វើការ​ពិនិត្យ​មើល​សាកសព​ស្ត្រី​រង​គ្រោះ​ខាងលើ និង​បាន​បញ្ជាក់​ថា សព​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ការ​ថប់ដង្ហើម បណ្ដាល​មក​ពី​យក​ពូថៅ ញាត់​មាត់ ៕