ភ្នំពេញ៖ នៅវេលាម៉ោង៣ៈ២០នាទីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នេះកម្លាំងនគរបាលជំនាញខណ្ឌពោធិ៍សែនជ័យ និងកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ដឹកនាំដោយលោក ម៉ន វុធី អធិការនគរបាលខណ្ឌ បានចុះបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀន ២នាក់ម្ដាយ និងកូន ព្រមទាំងដកហូតបានគ្រឿងញៀនមួយចំនួន នៅផ្ទះលេខ១៨០ ក្រុមទី៧ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះឈ្មោះ លី ហាក់ឡេង អាយុ១៨ឆ្នាំ ត្រូវជាកូន និងឈ្មោះ ងួន សំបូរ អាយុ៤៩ឆ្នាំ ត្រូវជាម្ដាយ ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ។ ការចាប់ខ្លួននេះ ធ្វើឡើងក្រោមការសម្របសម្រួលពីលោក មុត តារា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។ កម្លាំងនគរបាលដកហូតបានថ្នាំញៀនចំនួន២កញ្ចប់។

នគរបាលបានឲ្យដឹងថា មុខសញ្ញាជនសង្ស័យដែលត្រូវចាប់ខ្លួននោះ បានធ្វើសកម្មភាពជួញដូរគ្រឿងញៀនយូរមកហើយ ហើយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវយូរមកហើយដែរ ទំរាំតែកំណត់បាន។

រហូតដល់ថ្ងៃទី១៣ ខែកក្កដានេះ ទើបលោក ម៉ន វុធី បានដឹកនាំកម្លាំងចុះទៅធ្វើការបង្រ្កាប និងចាប់ខ្លួនបានទាំង២នាក់ម្ដាយ និងកូន រួចដកហូតថ្នាំញៀន២កញ្ចប់ ក្រោយមកបាននាំទៅសាកសួរ និងចាត់ការតាមច្បាប់។

បើតាមលោកអធិការខណ្ឌកាលពីបីឆ្នាំមុន លោកបានចាប់ប្តីពីបទជួញដូរថ្នាំញៀនខុសច្បាប់ (ចាប់គុកជិត១០ឆ្នាំ មិនទាន់ចេញផង) ពេលនេះ ចាប់ប្រពន្ធ និងកូនបានទៀតពីបទជួញដូរថ្នាំញៀនដូចគ្នា។ លោកថា លោកបានដាក់កម្លាំងតាមចាប់យូរហើយ ព្រោះប្រជាពលរដ្ឋរាយការណ៍មកថា ជួញដូរយ៉ាងសកម្ម៕