រាជធានី​ភ្នំពេញ ៖ យុវតី​ម្នាក់​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជូន​បងស្រី​ទៅ​កាន់​រោងចក្រ ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​មាន​អាកា​រៈ​វិលមុខ​ក៏​បាន​បុក​ពីក្រោយ​ម៉ូតូ​កង់​បី​ដែល​ឈប់​ចត​នៅ​ចិញ្ចើម​ផ្លូវ​បណ្តាល​ឲ្យ​របួសធ្ងន់​បាក់ជើង​ស្តាំ ។ ហេតុការណ៍​នេះ បាន​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង ៦​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​តាម​មហាវិថី​ឈ្នះ ឈ្នះ ចំណុច​ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ ។

យុវតី​រង​គ្រោះ​ឈ្មោះ សេង ប៊ុ​ន​ឡុ​ង អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​អញ្ចាញ​១ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រង​របួសធ្ងន់​បាក់ជើង​ស្តាំ ។

តាម​ប្រភព​ពី​ក្រុម​គ្រួ​សារបាន​ឲ្យ​ដឹង​ថា ខណៈ​ដែល​សាច់ញាតិ បងប្អូន​គ្រួសារ កំពុង​មានទុក្ខ​ជា​ទម្ងន់ ដោយសារ​ម្តាយ​របស់​ជន​រង​គ្រោះ​បាន​ទទួលមរណៈភាព ហើយ​ក៏​កំពុង​ធ្វើបុណ្យ​ផង​ដែរ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា នេះ​យុវតី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ធូ​ដេ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1HR-6281 ឌុ​ប​បងស្រី​ទៅ​រោងចក្រ ។

លុះ​ពេល​វិល​ត្រឡប់​មក​វិញ​ធ្វើ​ដំណើរ​តាម​មហាវិថី ឈ្នះ​-​ឈ្នះ ពី​ជើង​ទៅ​ត្បូង​បាន​បើក​លឿន​ប្រញាប់​ទៅ​ផ្ទះ​វិញ​ក៏​មាន​អាកា​រៈ​ងងឹត​វិលមុខ​ទើប​ធ្វើ​ឲ្យ​រេ​ចង្កូត​ធ្លាក់​ទៅ​ចិញ្ចើម​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​កង់​បី​ដែល​ចត​ឈប់​ស្ងៀម (​ម្ចាស់​ចុះ​បត់ជើងតូច​) បណ្តាល​ឲ្យ​យុវតី​រង​របួសធ្ងន់​បាក់ជើង​ស្តាំ ។

ក្រោយ​កើតហេតុ ភាគី​ខាង​ម៉ូតូ​កង់​បី​ជួយ​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ ហើយ​ជន​រង​គ្រោះ​ប្រាប់​ថា ឲ្យ​ម៉ូតូ​កង់​បី​ទៅ​ចុះ​មិន​ប្តឹងផ្តល់​អ្វី​ទេ មក​ពី​គាត់​ងងឹត​វិលមុខ​ទើប​រេ​ចង្កូត​ទៅ​បុក​ពីក្រោយ​ម៉ូតូ​កង់​បី ៕