ខេត្តកណ្តាល៖ បុរសជាមន្ត្រីអាវុហត្ថខណ្ឌដូនពេញម្នាក់ បានដកកាំភ្លើងខ្លី វាយបុរសម្នាក់ទៀតជាមន្ត្រីយោធាបែកក្បាល បណ្តាលឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ។

ជនរងគ្រោះឈ្មោះ លាង សុធី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធាកងកិត្តិយសត្រែទ័ព មានទីលំនៅភូមិ/ឃុំខាងលើ។
ចំណែកជនសង្ស័យឈ្មោះ ជា សង្ហា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីអាវុធហត្ថខណ្ឌដូនពេញ មានទីលំនៅនៅភូមិស្នាពីមុខ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវឃាត់ខ្លួន និងវត្ថុតាងដកហូតបាន៖ មានអាវុធខ្លី ម៉ាកK54 ចំនួន០១ដើម និងគ្រាប់ចំនួន៨គ្រាប់។

មូលហេតុដែលជនសង្ស័យជាមន្ត្រីអាវុហត្ថខណ្ឌដូនពេញដកកាំភ្លើងខ្លីពីចង្កេះ វាយក្បាលមន្ត្រីយោធាឱ្យបែកហូរឈាមនេះ ដោយសារខឹងជនរងគ្រោះជាមន្ត្រីយោធាបើកភ្លើងចាំងភ្នែកខ្លួន។ ក្រោយពេលកើតហេតុ ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់៕