យោង​ទៅ​តាម​ប្រភព​គេហទំព័រ​សារព័ត៌មាន 11points​ បាន​ចុះ​ផ្សាយ​ថា ទោះបីជា​លោក គី​ម ជុង​អ៊ី​ល ដែល​ត្រូវជា​កូន​របស់​មេដឹកនាំ​ផ្តាច់​ការ​កូរ៉េ​ខាងជើង​លោក គី​ម អ៊ី​ល​ស៊ុ​ង ក្តី​ក៏​លោក គី​ម ជុង​អ៊ី​ល ត្រូវ​ចូល​រៀន​នៅ​ក្នុង​សាលា​មួយ​ដែល​មានឈ្មោះ​ថា « Namsan» ដូច​ប្រជាជន​កូរ៉េ​ខាងជើង​ដទៃ​ទៀត​ដូច​គ្នា ។

នៅ​ឆ្នាំ​១៩៦០ លោក គី​ម ជុង​អ៊ី​ល ក៏​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​សាលា​« Namsan» ដែល​ជា​វិទ្យាល័យ​ជាន់ខ្ពស់​មួយ​សម្រាប់​ត្រកូល​អភិជន​នៅ​ទីក្រុង​ព្យុ​ង​យ៉ាង ប្រទេស​កូរ៉េ​ខាងជើង ។ បន្ទាប់​មក​ក្រោយ​ពី​ទទួល​បាន​តំណែង​ពី​ឪពុក (​គី​ម អ៊ី​ល​ស៊ុ​ង​) របស់​លោក​ធ្វើ​ឲ្យ​លោក គី​ម ជុង​អ៊ី​ល ក្លាយជា​មេដឹកនាំ​ផ្តាច់​ការ​ទី​២​គ្រប់គ្រង​ប្រទេស​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ី​ល ក៏​បាន​បញ្ជា​ឲ្យ​កងកម្លាំង​យោធា​ទៅ​បំផ្ទុះ​សាលារៀន Namsan នោះ​ចោល ។

មូលហេតុ​ដែល​លោក គី​ម ជុង​អ៊ី​ល បំផ្ទុះ​សាលា​ដែល​លោក​ធ្លាប់​រៀន​នេះ​ចោល​ដោយសារ​តែ សាលា Namsan ទទួលយក​សិស្ស​ដែល​មាន​ឋានៈ​ធម្មតា​មក​សិក្សា មិនមែន​ជ្រើស​យក​តែ​សិស្ស​ដែល​ជា​កូន​អភិជន ឬ​មន្ត្រីរាជការ​ទៀត​ឡើយ ។ មួយវិញទៀត លោក គី​ម ជុង​អ៊ី​ល បារម្ភ​ថា​សាលា​ជាន់ខ្ពស់​មួយ​នេះ​នឹង​ផ្ដល់​ចំណេះដឹង​ឲ្យ​សិស្ស​ច្រើន​ពេក​ដែល​វា​អាច​ក្លាយជា​ការ​ប្រកួតប្រជែង​ជាមួយនឹង​កូន​របស់​លោក គី​ម ជុង​អ៊ុ​ន ដែល​ជា​មេដឹកនាំ​ផ្តាច់​ការ​របស់​ប្រទេស​កូរ៉េ​ខាងជើង​បច្ចុប្បន្ន ។

សូម​រំលឹក​ថា លោក គី​ម ជុង​អ៊ី​ល គឺជា​អតីត​មេដឹកនាំ​ទី​២​របស់​កូរ៉េ​ខាងជើង​ដែល​បាន​កាន់​តំណែង​បន្ត​ពី​ឪពុក​លោក គី​ម អ៊ី​ល​ស៊ុ​ង កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​១៩៩៤ ។ លោក គី​ម ជុង​អ៊ី​ល បាន​ទទួលមរណភាព​នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១១ ។ មរណភាព​របស់​លោក​ត្រូវ​គេ​សង្ស័យ​ថា បណ្ដាល​មក​ពី​ជំងឺ​គាំងបេះដូង ។ អ្នក​ដែល​កាន់​តំណែង​បន្ត​គឺ​លោក គី​ម ជុង​អ៊ុ​ន ដែល​ជា​កូនប្រុស​ទី​២​របស់​លោក ៕