តាម​គេហទំព័រ Worldometer គិតដល់​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី ១០​ខែកក្កដា នៅ​ទូ​ទាំង​ពិភពលោក​មាន​ករណី​ឆ្លង​កូ​វី​ដ​-១៩ កើនឡើង​ដល់​ទៅ ១២,៣៩៦,៧៩៦​នាក់ ស្លាប់​៥៥៧,៥៤៣​នាក់ និង​ជា​សះស្បើយ ៧,២២៦,៩៩៨​នាក់​ផង​ដែរ ។

អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក Tedros Adhanom Ghebreyesus កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២០ បាន​យំ ហើយ​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​រួម​សាមគ្គី​គ្នា​ដើម្បី​ប្រឆាំង​កូ​វី​ដ​-១៩​។ លោក​បន្ត​ទៀត​ថា សត្រូវ​របស់​យើង​មិនមែន​វីរុស​នោះ​ឡើយ​គឺជា​«​ការ​ខ្វះ​សាមគ្គីភាព​ពិភពលោក​»​។

លោក​អគ្គនាយក WHO បាន​ធ្វើ​សន្និសីទកាសែត​ទាំង​ទឹកភ្នែក​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា «​តើ​វា​ពិតជា​ពិបាក​ខ្លាំង​ណាស់​មែន​ទេ​ដែល​មនុស្ស​យើង​ត្រូវ​សាមគ្គី​គ្នា​ប្រឆាំង​សត្រូវ​រួម? សត្រូវ​ដែល​បាន​សម្លាប់​មនុស្ស​គ្រប់​គ្នា​នៅ​លើ​ពិភពលោក​។ ការ​បែកបាក់ គឺជា​ឱកាស​សម្រាប់​សត្រូវ​វាយលុក​»។

អគ្គនាយក WHO បាន​បញ្ជាក់​ទៀត​ថា នៅ​ទូ​ទាំង​ប្រទេស​ស្ទើរតែ​ទាំងអស់​លើ​ពិភពលោក ការ​ឆ្លង​រាលដាល​កូ​វី​ដ​-១៩ កាន់តែ​អាក្រក់​ទៅ​ៗ ។ លោក​បន្ត​ទៀត​ថា វិធីសាស្ត្រ​ល្អ​បំផុត​នោះ​គឺ​រក្សា​កិច្ច​សហប្រតិបត្តិការ​ដើម្បី​រួម​គ្នា​ឆ្ពោះទៅ​មុខ ។ ការ​លើក​ឡើង​របស់​លោក​អគ្គនាយក​WHO ក្រោយ​ពេល​អា​មេ​រិ​ក​ប្រកាស​ដំណើរការ​ដកខ្លួន​ចេញពី​អង្គការ​នេះ ហើយ​ការ​ដក​ចេញ​និង​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២១ ៕