រាជធាបីភ្នំពេញ ៖ អតីត​មេធាវី អ៊ិ​ត ពិសិដ្ឋ​រង្សី ដែល​បាញ់​គេ​របួស​កាលពី​ឆ្នាំ​២០១៧ នៅ​ក្បែរ​ភូមិ​គ្រឹះ​របស់​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រាកន្លង​មក​នោះ ឥឡូវនេះ ត្រូវ​បាន​ស្ត្រី​ម្នាក់​ ជាម្ចាស់ហាង ប្តឹងលោក​មេធាវីរូបនេះ ពី​បទ​បង្ក​អោយ​មានការ​ខូចខាត​ទ្រព្យសម្បត្តិ រួច​បើករថយន្ត​គេចខ្លួន​បាត់ ។

បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែល​មានឈ្មោះ Sokchanda Chhun បាន​បង្ហោះ​រូបភាព និង​វី​ដេ​អូ អម​ដោយសារ​នៅ​ថ្ងៃ​ទី​៨ កក្កដា ២០២០​ អោយដឹងថា កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​វេលា​ប្រហែល​ម៉ោង​៩​យប់ លោក​អតីត​មេធាវី​ឈ្មោះ អ៊ិ​ត ពិសិដ្ឋ​រង្សី បាន​បើករថយន្ត ដែល​មាន​ស្លាក​លេខ 2BC 5318 បាន​បុក​ចូល​ហាង នាង​ខ្ញុំ​ដែល​នៅ​សង្កាត់​ក្រាំងធ្នង់ បាន​បង្ក​អោយ​មានការ​ខូចខាត​សម្ភារ​ជា​ដំណំ រួច​បាន​គេចខ្លួន​បាត់ ។

គណនី​ហ្វេ​ស​ប៊ុ​ក Sokchanda Chhun បន្ត​ថា នាង​ខ្ញុំ​បាន​ដាក់​ពាក្យបណ្តឹង នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ហើយ​ស្វែងរក​ជន​បង្ក អស់​រយៈពេល​៩​ថ្ងៃ ទើប​រក​ឃើញ រួច​លោកនាយ​ផ្នែក​ចរ​រា​ចរណ៍ បាន​កោះហៅ​នៅ​ថ្ងៃ​ទី​០៨ ខែ​ក​ក្ដ​ដា ឆ្នាំ​២០២០​នេះ នៅ​វេលា​ម៉ោង​៩​ព្រឹក តែ​ជន​បង្ក​មិន​បាន​ចូលរួម​ដោះស្រាយ​ទេ នាង​ខ្ញុំ​សុំ​អោយ​លោកនាយ​ផ្នែក​ចរ​រា​ចរណ៍ ជួយ​ធ្វើ​កំណត់ហេតុ គាត់​បែរជា​មិន​ព្រម​ធ្វើ​កំណត់ហេតុ អោយ​នាង​ខ្ញុំ​ទេ ! នាង​ខ្ញុំ​សូម​សំណូមពរ​ដល់​លោក​អធិការ​ខណ្ឌ​សែន​សុខ ជួយ​អន្តរាគមន៍​ដល់​នាង​ខ្ញុំ​ជង និង​ស្នើ​អោយ​ជន​បង្កហេតុ ចូលខ្លួន ដោះស្រាយ​សំណង ដល់​នាង​ខ្ញុំ​ផង ។

បើ​ដូច​អ្វី​ដែល​ស្ត្រី​រង​គ្រោះ​បាន​អះអាង​មែន​នោះ គឺមេធាវី​រូប​នេះ​មានឈ្មោះ អ៊ិ​ត ពិសិដ្ឋ​រង្សី ភេទ​ប្រុស មាន​ទីលំនៅ​ផ្ទះ​លេខ​៥៨៣ ផ្លូវ​លេខ​១០១៩ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ហើយមេធាវី អ៊ិ​ត ពិសិដ្ឋ​រង្សី ធ្លាប់​បាញ់បោះ​ចំនួន​២​គ្រាប់ នៅ​ក្បែរ​ភូមិ​គ្រឹះ​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២១១ កែង​ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​វាល​វល់ ខណ្ឌ​៧​មក​រា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ២០១៧ ។

យោង​តាម​របាយការណ៍​របស់​នគរបាល​ខណ្ឌ​៧​មក​រា កាលពេលនោះបាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ជនសង្ស័យ​ជា​មេធាវី និង​ជន​រង​គ្រោះ​ទាំង​២​ជា​មនុស្ស​ស្គាល់គ្នា ហើយ​បាន​ញ៉ាំ​ការ ជាមួយ​គ្នា តែ​ពេល​ញ៉ាំ​ការ​នោះ ជន​បង្ក​ចេញ​មក​មុន ហើយ​បាន​ទូរស័ព្ទ​ហៅ​ជន​រង​គ្រោះ​ទៅ​ទទួលទាន​បន្ត នៅ​ហាង​ទារ​ខ្វៃ នៅ​ជិត​ផ្ទះ​អគ្គស្នងការ​នគរបាល​ជាតិ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េ​ត ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា តែ​ជន​រង​គ្រោះ​មិន​ទាន់​ចេញ​ទៅ​ភ្លាម​ៗ​ទេ ។ រហូត​យប់​បន្តិច ជន​រង​គ្រោះ​ក៏​ចេញ​ទៅ​ជួប ពេល​ទៅ​ដល់​មុខ​ហាង​ក៏​ឃើញ​សន្តិសុខ​ហាង​គ្រា​លោក​មេធាវី ឡើង​ឡាន​ទំនង​ស្រវឹង ជន​រង​គ្រោះ​ក៏​ទៅ​និយាយ​សុំ​ជូន​ទៅ​ផ្ទះ ក៏​ស្រាប់តែ​លោក​មេធាវី​ដក​កាំភ្លើងខ្លី​ម៉ា​កឡុក បាញ់​ទៅ​ដី​២​គ្រាប់ បណ្ដាល​ឲ្យ​មួយ​គ្រាប់ បាន​ទៅ​ត្រូវ​មេជើង​ខាងស្ដាំ ជន​រង​គ្រោះ​ឈ្មោះ លី តុលា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ហើយ​ក៏​បាន​យក​កាំភ្លើង​ទៅ​ភ្ជុង​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ សិ​ដ្ឋ ព្រមទាំង​បាន​និយាយ​ថា ហែង កុំ​ចេះ​ប្រយ័ត្ន​អញ​បាញ់​ងាប់ ។ បន្តិច​ក្រោយមក​ក៏​ត្រូវ​នគរបាល​ទៅ​ដល់ ឃាត់ខ្លួន​ជន​បង្ក​យក​ទៅ​សួរនាំ ។

ក្រោយ​ពី​បាន​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង នៅ​អធិការដ្ឋាន​ខណ្ឌ​៧​មក​រា ចប់​សព្វគ្រប់ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧​នេះ សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​លោក​មេធាវី អ៊ិ​ត ពិសិដ្ឋ​រង្សី ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ពាក់ព័ន្ធ​បទល្មើស ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បទ ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ។

ជាមួយគ្នានេះដែរ អ្នកយកព័ត៌មាន KBN នៅមិនទាន់បានសុំការបំភ្លឺពីអតីត​មេធាវី អ៊ិ​ត ពិសិដ្ឋ​រង្សី នៅឡើយទេ ជុំវិញការចោទប្រកាន់ខាងលើនេះ ។ ទោះជាយ៉ាងណា KBN រងចាំការស្រាយបំភ្លឺ គ្រប់ភាគីទាំងសងខាង ៕