រាជធានីភ្នំពេញ ៖ យោងតាមផេក Pheng Vannak News ដែលបានបង្ហោះកាលពីមុននេះបន្តិច មានខ្លឹមសារថា « ប្រភពច្បាស់ការពីអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នេះ សមត្ថកិច្ចនគរបាលអធិការខណ្ឌបានរៀបចំសំណុំរឿងបញ្ជូនលោកគង់ ខេមរា ចៅក្រមអមសាលាដំបូងខេត្តកោះកុង ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់ពីបទមនុស្សឃាតដោយអចេតនា ។
លោកគង់ ខេមរា គឺជាជនរងគ្រោះដែលចោរឆក់កាបូបលុយ កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២០ នៅខណ្ឌសែនសុខ បន្ទាប់មកលោកក៏បើកឡានដេញតាមចោរឆក់ និងបានបុកចោរឲ្យយដួល បណ្ដាលឲ្យចោរឆក់ស្លាប់» ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញ ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ដែលម្នាក់ជាឌុប និងម្នាក់ទៀតជាអ្នកធ្វើឆក់កាបូបបានសម្រេច តែជនរងគ្រោះបើករថយន្តដេញបុក ធ្វើឲ្យជនសង្ស័យភិតភ័យជិះជ្រុលចង្កូតបុកជាមួយឡានពេញមួយទំហឹង បណ្តាលឲ្យស្លាប់ម្នាក់។