ខេត្ត​រតនៈគីរី ៖ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្ត​រតនៈគីរី និង​ខេត្តស្ទឹងត្រែង ឧទ្យាន​ជាតិ​វី​រៈ​ជ័យ​មាន​ផ្ទៃដី​ចំនួន​៣៣២.៥០០ ហិ​កតា​ ។ ធម្មជាតិ​ព្រៃ​ភ្នំ ជ្រលង​ដងអូ រួម​ទាំង​សត្វព្រៃ គឺជា​សក្តានុពល​ដ៏​អស្ចារ្យ​នៃ​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ​នៃ​ភូមិសាស្ត្រ​ខេត្ត​ប៉ែក​ឦ​សាន្ត​ ។

រដូវ​នេះ​ធម្មជាតិ​មាន​សម្រស់​ស្រស់​ត្រកាល​បង្អួត​អ្នកទេសចរ ដែល​ចង់​មក​ទស្សនា​។ លោក ថុ​ន ស៊ូ​ខុន អនុប្រធាន​កា​រិ​យា​ល័​ឧទ្យាន​ជាតិ នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​រតនៈគីរី បានឱ្យ​ដឹង​ថា ក្នុង​តំបន់​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ សត្វព្រៃ​ជា​ច្រើន​កំពុង​សំងំ​រស់នៅ​យ៉ាង​មាន​សេចក្តីសុខ ក្នុង​នោះ​គេ​តែង​ជួប​ឃើញ​មាន​ដូច​ជា សត្វ​ស្វា​កន្ទុយ​សរ ទោច ជ្រូកព្រៃ ឈ្លូស ប្រើស ខ្លាត្រី ខ្លា​ពពក ខ្ទីង និង ខ្លាឃ្មុំ​ជាដើម​។

មន្ត្រី​ឧ​ទ្យា​នុ​រក្ស កំពុង​សហការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ នៅ​ក្នុង​តំបន់ការពារធម្មជាតិ​នេះ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ប្រូ​វ គឺជា​ម្ចាស់​ស្រុក​កំពុង​រស់នៅ​យ៉ាង​សុខសាន្ត ហើយ​រៀបចំ​ចាំ​ធ្វើ​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវ​ទេសចរ តាម​រយៈ​សេវា​នៃ​ការ​ស្នាក់​នៅ​ប្រកបដោយ​ផា​សុខភាព​បែប​ជនជាតិ​ដើម​ភាគតិច និង​ស្វែង​យល់​ពី​វប្បធម៌​ប្រពៃណី ម្ហូបអាហារ និង​ស្រា​ពាង​របស់​ជនជាតិ​ដើម​ព្រៅ​។ ពិសេស​នោះ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​ធម្មជាតិ​នៃ​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ ៕