ភ្នំពេញ៖ ក្រោយពីអ្នកគ្រប់គ្រងផលិតកម្មមរតកមេឌា នឹងជាអ្នកដឹកនាំផលិតបទចម្រៀង អ្នកព្រៃវែងខុសត្រង់ណា? ប្រកាសលាពីសិល្បះមក តារាសម្តែងស្រី ហេង ស្រីពេជ្រ ជាតួអង្គម្តាយ ដែលបានពោលពាក្យដៀលអ្នកព្រៃវែង នោះ ក៍បានចេញមុខសុំទោសដែរ។

អ្នកនាង ហេង ស្រីពេជ្រ ដែលជាតួអង្គម្តាយ និងជាអ្នកពោលពាក្យមាក់ងាយអ្នកព្រៃវែង តាមការណែនាំរបស់អ្នកដឹកនាំរឿងនោះ បានបញ្ជាក់ថា ក្រោយផ្ទុះរឿងនេះ នាងលំបាកចិត្តជាខ្លាំងស្ទើតែបាក់ទឹកចិត្តក្នុងការចេញសម្តែងជាថ្មី។ នាងថាក្នុងការសម្តែង នាងត្រូវស្តាប់ការណែនាំរបស់អ្នកដឹកនាំ ហើយត្រូវសម្តែងឲ្យដល់កម្រិតមួយដែលជាប្រភេទតួដែលនាងសម្តែងផងដែរ។

ជាមួយគ្នានេះ នាងបានថ្លែងសារសុំទោសដល់មហាជន ក៏ដូចជាអ្នកព្រៃវែងទាំងមូល ដែលការសុំទោសនេះគឺជាចេញពីចិត្ត និងសង្ឃឹមថា ប្រជាជនខ្មែរពិសេសអ្នកព្រៃវែងទទួលយកការសុំទោសពីនាងផងដែរ។

ស្នាដៃMVបទចម្រៀងរបស់ផលិតកម្មមរតកមេឌៀ ក្រោមចំណងជើងថា”អ្នកព្រៃវែងអាក្រក់ត្រង់ណា?” បានធ្វើឲ្យផ្ទុះប្រតិកម្មពីសំណាក់អ្នកព្រៃវែង គ្រប់ស្រទាប់វណ្ណៈ ។ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ អ្នកគ្រប់គ្រងផលិតកម្មមរតកមេឌា នឹងជាអ្នកដឹកនាំផលិតបទចម្រៀង អ្នកព្រៃវែងខុសត្រង់ណា? បានចូលខ្លួនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីធ្វើការសុំទោសជាសាធារណៈ និងប្រកាសលាពីពិភពសិល្បៈ ផងដែរ៕