ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២០នេះ នៅក្នុងបូរីHIllTON ក្រុមទី១៥ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ មានករណីប្លន់មួយកើតឡើង បង្កដោយជនសង្ស័យជាជនជាតិចិន២នាក់ ជិះម៉ូតូ១គ្រឿង ស្ទាក់ផ្លូវវាយប្លន់យកស្បោងដាក់ប្រាក់របស់ជនរងគ្រោះពីរនាក់ប្តីប្រពន្ធ ដែលកំពុងជិះម៉ូតូម៉ាកស្គុបពីពណ៌ក្រហម ចេញពីផ្ទះទៅផ្សារលើដូចសព្វដង ។

ភ្លាមៗនោះកម្លាំងជំនាញបានចេញប្រតិបត្តិការ ដោយសហការជាមួយកម្លាំងកងរាជអាវុអហត្ថខេត្ត ។ ក្នុងកិច្ចប្រតិការនេះសន្តិសុខបុរីហុីលតុនបានឃាត់ខ្លួនបានជនសង្ស័យ១នាក់​ ឈ្មោះ WANG JiNGZHONG ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ​ បច្ចុប្បន្នមានកន្លែងស្នាក់នៅមិនពិតប្រាកដ​ (ប្រគល់ឲ្យកងរាជអាវុធហត្ថខេត្ត) ។ រីឯបក្សពួកម្នាក់ទៀតបានផ្លោះរបង រត់គេចខ្លួនបាត់ (កំពុងតាមរកចាប់ខ្លួន) ។

យោងតាមរបាយការណ៌របស់អាជ្ញាធរបានឲ្យដឹងទៀតថា ជនល្មើសមានគ្នា២នាក់ ជាជនជាតិចិន ជិះម៉ូតូម៉ាកAiR BLADE ពណ៌ទឹកប្រាក់លាយខ្មៅ គ្មានស្លាកលេខ បានធ្វើសកម្មភាពស្ទាក់ប្លន់ ដោយប្រើដំបងវាយទៅលើជនរងគ្រោះ២នាក់ប្តីប្រពន្ធកំពុងជិះម៉ូតូតាមផ្លូវចេញ ចូលម្តុំជិតបុរីហុីលតុនក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ វេលាម៉ោងជិត៩ព្រឹកថ្ងៃទី៥កក្កដានេះ បណ្តាលអោយជនរងគ្រោះរងរបួស ក្នុងនោះជនល្មើសប្លន់យកលុយពីជនរងគ្រោះមួយថង់ប្រមាណ៣០លានរៀល រួចគេចខ្លួនទៅបាត់។

ជនរងគ្រោះជាប្រពន្ធមានឈ្មោះ សយ លីណា អាយុ២៤ឆ្នាំ​ ចំណែកជនរងគ្រោះជាប្តីឈ្មោះ អ៉ីវ មាន អាយុ៣២ឆ្នាំ ជាអាជីវករប្តូរប្រាក់នៅផ្សារលើ ក្រុងព្រះសីហនុ ។ ហើយជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ប្រាក់ដែលបាត់បង់មានចំនួន៣០លានរៀល ។ ហើយចំពោះវត្ថុតាងដែលប៉ូលីសចាប់យកបានមានដូចជា ម៉ូតូម៉ាកAiR BLADE ពណ៌ទឹកប្រាក់លាយខ្មៅ គ្មានស្លាកលេខ ដែលជាមធ្យោបាយជិះធ្វើសកម្មភាព។

បច្ចុប្បន្ននគរបាលជំនាញស្នងការដ្ឋាននគរបាលខេត្តនាំយកម៉ូតូជនសង្ស័យមករក្សាទុក ចំណែកកម្លាំងជំនាញកំពុងតាមរកចាប់ខ្លួនជនសង្ស័យម្នាក់ទៀតដែលកំពុងគេចខ្លួន៕