ភ្នំពេញ៖ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ លោកឧកញ៉ា ​ឌួង ឆាយ បានចេញវីដេអូប្រកាសបិទក្លឹបកម្សាន្ដសោនក្លឹបជារៀងរហូត ខណៈលោកស្បថស្បែរស្មារលាលែងប្រកបមុខរបរ ក៏ដូចជាជំនួញមួយនេះអស់មួយជីវិត។

យោងតាមវីដេអូដែលលោក ឌួង ឆាយ បានឡាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីម្សិលមិញនេះ ដោយលោកបានរៀបរាប់ថា មានមូលហេតុជាច្រើនដែលបានបង្ខំចិត្តឲ្យលោកបិទក្លឹបកម្សាន្ដដ៏ធំប្រចាំរាជធានីភ្នំពេញ។ លោកបានបញ្ជាក់ថា មូលហេតុទាំងនោះរួមមាន ការមិនចូលរួមសហការពីម្ចាស់ដី ដែលក្នុងខណៈពេលនេះកូវីដ-១៩ បានវាយលុកសេដ្ឋកិច្ចពេញមួយពិភពលោក ដោយម្ចាស់ដីគ្មានការយោគយល់អំពីតម្លៃជួល គឺយកថ្លៃឈ្នួលពេញៗ ខណៈដែលលោកមានដីមួយចំនួនសម្រាប់ឲ្យគេជួលធ្វើមុខជំនួញដូចគ្នា ក៏ប៉ុន្តែលោកបានយល់នៅក្នុងកាលៈទេសៈនេះ ដោយបានយោគយល់បញ្ចុះតម្លៃជូនអតិថិជន។

ហើយទី២ គឺលោកបានសារភាពថា លោកមិនដែលមានចំណង់ចំណូលចិត្តក្នុងការប្រកបមុខរបរទាក់ទាងជាមួយក្លឹបកម្សាន្ដនេះដែរ ប៉ុន្តែអ្វីដែលជម្រុញឲ្យលោកបើកដំណើរការសោនក្លឹបនោះ គឺមកពីមានការជម្រុញទឹកចិត្តពីមនុស្សជំុវិញខ្លួនលោក ហើយណាមួយគឺមានការគាំទ្រជាពិសេសពីអ្នកនៅខាងក្រៅប្រទេស។

ក៏ប៉ុន្តែលោកបានសង្កត់ធ្ងន់ទៅលើមូលហេតុទី៣ ដែលគឺជាមូលហេតុចម្បងបានជម្រុញឲ្យលោកបិទក្លឹបមួយនេះ គឺមកពីលោកមានការខ្វល់ខ្វាយពីការរាតត្បាតពីសំណាក់កូវីដ-១៩ ដែលក្នុងខណៈពេលនេះរោគរាតត្បាតមួយនេះកំពុងតែមានជីវិតនៅលើផែនដីនៅដោយ ដែលអ្នកវិទ្យាសាស្រ្ដនៅមិនទាន់រកឃើញវ៉ាក់សាំងការពារវីរុសនេះ។ ហើយណាមួយគឺលោកមិនចង់ក្លាយជាឃាតករក្នុងចម្លងរោគទៅកាន់មនុស្សគ្រប់គ្នា គឺលោកមិនចង់មានកំហុសវិប្បដិសារីនៅក្នុងរឿងកូវីដ-១៩នេះ។

ជាមួយគ្នានេះដែរ លោកក៏បានផ្ញើសារជូនដល់ពលរដ្ឋខ្មែរ ក៏ដូចជាដាស់តឿនប្រាប់បងប្អូនគ្រប់រូបត្រូវប្រយ័ត្នប្រយែងជាមួយជំងឺនេះ គឺក្នុងកាលៈទេសៈនេះមិនជាពេលដែលយើងត្រូវសប្បាយនោះ វាគឺជាពេលវេលាដែលពួកយើងរួមដៃគ្នាកម្ចាត់ ក៏ដូចជាបង្ការនៅរោគមួយនេះ។

លោកបានក៏បានសុំអភ័យទោសទៅដល់បុគ្គលិករបស់លោកជាង២០០នាក់ ក៏ដូចជាមហាជនដែលតែងតែគាំទ្រសោនក្លឹប ប៉ុន្តែនៅក្នុងកាលៈទេសៈនេះគឺលោកគ្មានជម្រើសក្រៅពីធ្វើបែបនេះទេ។ ហើយលោកក៏បានសង្កត់ធ្ងន់ថា លោកនឹងបញ្ចាប់ជីវិតនៅក្នុងមុខជំនួញនេះជារៀងរហូត គឺគ្មានថ្ងៃលោកដើរលើផ្លូវហើយប្រកបនេះសារជាថ្មីដែរ ៕

សូមប្រិយមិត្តអញ្ជើញទស្សនារបស់លោក ឌួង ឆាយ ដូចខាងក្រោម៖

ខ្ញុំបាទសូមនិយាយអំពីការបញ្ចប់មុខជំនួញសោនក្លឹប SOUND CLUB

Posted by Duong Chay ឌួង ឆាយ on Saturday, July 4, 2020