បរទេស៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress កាលពីថ្ងៃទី០២ ខែកក្កដានេះបានឲ្យដឹងថា ប្រទេសវៀតណាម បានផ្ញើកំណត់ទូតមួយដើម្បីតវ៉ាប្រឆាំងនឹងប្រទេសចិនដែលធ្វើសមយុទ្ធយោធាខុសច្បាប់នៅក្បែរកោះប៉ារ៉ាសែល ដោយជំរុញឱ្យបញ្ឈប់ជាបន្ទាន់នៅសមកម្មភាពមួយនេះ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ ថា“ ប្រទេសចិន ធ្វើសមយុទ្ធយោធានៅប្រជុំកោះប៉ារ៉ាសែល  គឺបានរំលោភអធិបតេយ្យភាពរបស់វៀតណាម ធ្វើឱ្យស្មុគស្មាញដល់ការចរចាសម្រាប់ក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (COC) រវាងចិន​ និងអាស៊ានក៏ដូចជាប៉ះពាល់ដល់សន្តិភាព”។

លោកស្រី Le Thi Thu Hang បានបញ្ជាក់ថាប្រទេសវៀតណាម បានទាក់ទងនិងបានផ្ញើកំណត់ទូតមួយទៅកាន់ប្រទេសចិន ដោយស្នើឱ្យប្រទេសនេះបញ្ឈប់នូវការធ្វើសកម្មភាពបែបនេះម្តងទៀត។ ដែលរដ្ឋបាលសុវត្ថិភាពដែនសមុទ្រខេត្តហៃណានប្រទេសចិន នៅថ្ងៃចន្ទនេះ បានប្រកាសផែនការធ្វើសមយុទ្ធយោធានៅក្បែរកោះប៉ារ៉ាសេល របស់ប្រទេសវៀតណាម ចាប់ពីថ្ងៃពុធ រហូតដល់ថ្ងៃអាទិត្យ។

ដោយចិនអះអាងថា គ្មាននាវាណាមួយត្រូវចូលទៅក្នុងតំបន់នៅសមុទ្រចិនខាងត្បូងដែលវៀតណាម ហៅថាសមុទ្រខាងកើតនោះទេ ខណៈពេលដែលសមយុទ្ធកំពុងដំណើរការ ៕