ភ្នំពេញ៖ លោកហួត វឌ្ឍនា ហៅ MrQueen តារាសម្តែង និងកំប្លែងភេទទី៣ លោក ហួត វឌ្ឍនា ហៅ MrQueen ដែលម្តាយមិនមានប្រាក់គ្រប់គ្រាន់ដើម្បីព្យាបាលជំងឺ បានទទួលមរណភាពហើយ កាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ហើយពេលនេះថែមទាំងមិនមានប្រាក់ធ្វើបុណ្យសពទៀតផង។

លោក ហួត វឌ្ឍនា ហៅ Mr Queen បានធ្លាក់ខ្លួនជំងឺរ៉ាំរ៉ៃជាច្រើនមុខពិសេសជំងឺមហារីក និងរបេង ហើយបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសៈមៈ (ពេទ្យលោកសង្ឃ) អស់រយៈពេលជាយូរថ្ងៃមកហើយនោះ បានទទួលមរណភាពហើយកាលពីព្រឹកមិញនេះ ហើយសពត្រូវបានក្រុមគ្រួសារនិងមិត្តភក្កិដឹកយកទៅតំកល់នៅក្នុងវត្តអង្គតាមិញ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី។

អ្វីដែលកំសត់បំផុតនោះ ក្រុមគ្រួសារតារាសម្តែង និងកំប្លែងភេទទី៣រូបនេះ មានតែ២នាក់ម្តាយនិងកូន រស់នៅបន្ទប់ជួលមានជីវភាពខ្វះខាត ហើយពេលនេះមិនមានប្រាក់សម្រាប់រៀបចំបុណ្យសពនោះទេ ។

តារាកំប្លែងភេទទី៣ Mr Queen ត្រូវបានមហាជនស្គាល់តាមរយៈការតុបតែងខ្លួនប្លែកៗ ជាមួយកាយវិការកំប្លែងរបស់លោកតាមបណ្ដាញសង្គម និងធ្លាប់ឡើងឆាកធំៗលេងកំប្លែងខ្លះដែរ រយៈពេលជាង៣ឆ្នាំចុងក្រោយនេះ ស្រាប់តែបាត់មុខឈឹងពីសិល្បៈ រហូតដល់ចុងក្រោយនេះ លោកបានទទួលមរណភាពហើយ ៕