បរទេស៖ វិបត្តិនៅហុងកុង កំពុងធ្លាក់កាន់តែជ្រៅ ក្រោយការចូលជាធរមាននៃច្បាប់ស្តីពីសន្តិសុខជាតិ ដែល​ប៉េកាំងបានអនុម័ត។ នៅថ្ងៃពុធទី១កក្កដា សមត្ថកិច្ចហុងកុង បានចាប់ចេញប្រតិបត្តិការចាប់ឃាត់ខ្លួន​មនុស្ស​ប្រមាណ​ ៣៧០នាក់ ពីបទរំលោភបំពាននឹងច្បាប់ថ្មី ដ៏ចម្រូងចម្រាស់នេះ។ នៅថ្ងៃព្រហស្បតិ៍​ទី​២កក្កដា ប្រទេសអង់គ្លេស បានប្រកាសផ្ដល់សញ្ជាតិឲ្យប្រជាជនហុងកុង៣លាននាក់ ខណៈអូស្រ្ដាលី ក៏បានចូលរួមក្នុងយុទ្ធនាការមួយនេះដែរប្រទេសមួយនេះកំពុងពិចារណាយ៉ាងសកម្មក្នុងការផ្តល់ទីជម្រកសុវត្ថិភាពសម្រាប់ប្រជាជនហុងកុង។

នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស​ ចនសុន បានប្រាប់សភានៅថ្ងៃពុធនេះថា “ការអនុម័ត និងការដាក់ឱ្យអនុវត្តនូវច្បាប់សន្តិសុខជាតិនេះគឺជាការរំលោភយ៉ាងច្បាស់និងធ្ងន់ធ្ងរនៃសេចក្តីប្រកាសរួមចិន-អង់គ្លេស” ។ ជាមួយគ្នានេះដែរ ចក្រភពអង់គ្លេស​ នឹងប្រកាន់ខ្ជាប់នូវការសន្យារបស់ខ្លួនក្នុងការផ្តល់ឱ្យអ្នកកាន់លិខិតឆ្លងដែនជាតិក្រៅប្រទេស (BNO) នៅហុងកុង នូវផ្លូវទៅកាន់សញ្ជាតិអង់គ្លេស ដោយអនុញ្ញាតឱ្យពួកគេទៅរស់នៅក្នុងចក្រភពអង់គ្លេស។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នាយករដ្ឋមន្រ្តីអូស្រ្រ្ដាលី លោក ស្កុត ម៉ូរីសុន​ បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលីកំពុងពិចារណាយ៉ាងសកម្មក្នុងការផ្តល់ជម្រកសុវត្ថិភាពដល់ប្រជាជនហុងកុង ឱ្យមករស់នៅក្នុងប្រទេសនេះដោយស្របច្បាប់ បន្ទាប់ពីច្បាប់សន្តិសុខជាតិដ៏ចម្រូងចម្រាស់ ដែលបានដាក់ដោយប្រទេសចិនបានចូលជាធរមាន។

លោកបានបន្តទៀតថា បច្ចប្បន្ននេះយើងកំពុងតែខ្នះខ្នែងយ៉ាងសកម្ម ហើយមានសំណើដែលខ្ញុំបានស្នើសុំឱ្យមានការលើកឡើងជាច្រើនសប្តាហ៍ មុននឹងត្រូវបានពិចារណាដោយគណៈរដ្ឋមន្រ្តីក្នុងពេលឆាប់ៗនេះ ដើម្បីផ្តល់នូវឱកាសស្រដៀងគ្នា ចំពោះអ្វីដែលចក្រភពអង់គ្លេស បានផ្តល់ឲ្យប្រជាជនហុងកុង។

ដោយឡែកក្រោយពីប្រទេសអូស្រ្ដាលី បានប្រកាសសម្រេចធ្វើបែបនេះក្នុងការជួយពលរដ្ឋហុងកុង ប្រទេសចិន បានប្រតិកម្មភ្លាមៗដោយបានចោទប្រកាន់អូស្រ្តាលីថា បានជ្រៀតជ្រែកក្នុងកិច្ចការរបស់ខ្លួនដោយបានចេញសេចក្តីថ្លែងការណ៍រួមមួយជាមួយប្រទេសចំនួន២៦ផ្សេងទៀតអំពីការបង្ក្រាបសិទ្ធិមនុស្សនៅហុងកុង និងខេត្តស៊ីនជាំងភាគខាងលិច។

ហើយចំណែកស្ថានទូតទីក្រុងប៉េកាំងនៅទីក្រុងឡុងបាននិយាយនៅថ្ងៃព្រហស្បតិ៍ នេះថាប្រទេសចិននឹងចាត់វិធានការតបតប្រសិនបើអង់គ្លេស ជំរុញទៅមុខនូវផែនការរបស់ខ្លួនក្នុងការផ្តល់ឱ្យប្រជាជនហុងកុង នូវមាគ៌ាមួយដើម្បីទទួលបានសញ្ជាតិ។

ស្ថានទូតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា“ ប្រសិនបើភាគីអង់គ្លេស ធ្វើការផ្លាស់ប្តូរជាឯកតោភាគីចំពោះការអនុវត្តដែលពាក់ព័ន្ធនោះវានឹងរំលោភលើជំហររបស់ខ្លួន​ និងការសន្យាក៏ដូចជាច្បាប់អន្តរជាតិក៏ដូចជាបទដ្ឋានមូលដ្ឋានសម្រាប់ទំនាក់ទំនងអន្តរជាតិ” ៕