បរទេស៖ សាកសពអ្នករុករករ៉ែត្បូងយ៉ាងហោចណាស់ចំនួន១០០នាក់ ត្រូវបានទាញចេញពីភក់ បន្ទាប់ពីមានការរអិលបាក់ដី នៅភាគខាងជើង​ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍ទី០២ ខែកក្កដា ក្នុងគ្រោះថ្នាក់ដ៏អាក្រក់បំផុតមួយដែលមិនធ្លាប់មានក្នុងវិស័យឧស្សាហកម្មត្បូង។​ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA​ ។

នាយកដ្ឋានសេវាកម្មអគ្គិភ័យមីយ៉ាន់ម៉ា បាននិយាយនៅលើទំព័រហ្វេសប៊ុកថា គ្រោះមហន្តរាយនេះបានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅជិតព្រំដែនចិន ក្នុងរដ្ឋកាឈិន។ ដោយរហូតមកទល់ពេលនេះសាកសពសរុបចំនួន១១៣នាក់ ត្រូវបានរកឃើញ។

ប៉ូលីសក្នុងតំបន់បានប្រាប់ AFP ថា ពួកគេទំនងជាបានប្រឆាំង នឹងការព្រមានមួយដែលមិនអោយធ្វើអណ្តូងរ៉ែចំហរក្នុងពេលមានភ្លៀង។ ហើយពេលនេះក្រុមអ្នកជួយសង្គ្រោះបានធ្វើការពេញមួយព្រឹក ដើម្បីរកសាកសពចេញពីបឹងភក់ ដោយប្រើសំបកកង់រថយន្ដជាក្បូនបណ្តោះអាសន្ន។

ជាមួយគ្នានេះដែរ ប៉ូលីសបានបញ្ជាក់ទៀតថា សាកសពចំនួន៩៩នាក់ ត្រូវបានរកឃើញនៅពេលថ្ងៃត្រង់ និង២០នាក់ទៀតរងរបួសធ្ងន់។ ខណៈពេលនេះដែរ កិច្ចខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះត្រូវបានផ្អាកដោយសារតែមានភ្លៀងធ្លាក់ខ្លាំង។

ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា ចំនួនអ្នកស្លាប់អាចនឹងមានច្រើនជាងនេះប្រសិនបើអាជ្ញាធរមិនបានព្រមានប្រជាជនឱ្យនៅឆ្ងាយពីរណ្តៅត្បូងនេះ ៕