ឧត្តរមានជ័យ៖ អ្នកទោសខ្មែរចំនួន៣នាក់ឆ្លងដែនខុសច្បាប់ ត្រូវអាជ្ញាធរថៃចាប់ដាក់គុកជិត៣ឆ្នាំ ទើបដោះលែង និងបញ្ជូនមកឱ្យអាជ្ញាធរកម្ពុជា វិញ កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ តាមច្រកទ្វារអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ។

ពលរដ្ឋខ្មែរទាំង៣នាក់នោះ ទី១៖ ឈ្មោះ ថា ទូច ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិលំទង ឃុំលំទង ស្រុកអន្លង់វែង ។ ទី២៖ ឈ្មោះ តេង សឿ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ និងទី៣៖ ឈ្មោះ ឈុន ដារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ។

អ្នកទោសខ្មែរទាំង៣នាក់នេះ មាន២នាក់ ត្រូវបានថៃចាប់ខ្លួន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ និងម្នាក់ទៀតចាប់ខ្លួននៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៨ ពីបទឆ្លងដែនខុសច្បាប់ ចូលកាប់ឈើគ្រញូងតាមច្រកអូរស្វាយ ក្នុងស្រុកត្រពាំងប្រាសាទ និងត្រូវបាននាំឃុំខ្លួន នៅស្រុកខានលថាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ។

សមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិជាំ បានវាស់កំដៅរកមេរោគកូវីដ១៩ និងលាងសម្អាតខ្លួនប្រាណដោយទឹកអាល់កុល រួចធ្វើការណែនាំអប់រំឱ្យបញ្ឈប់សកម្មភាពឆ្លងដែនខុសច្បាប់ទៀត និងបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕