រាជធានី​ភ្នំពេញ ៖ សំណង់ផ្ទះ​ល្វែង និង​វីឡា ជា​ច្រើន​ខ្នង​បាន​សាងសង់​ខុសច្បាប់​ប្រ​លយ​ចូល​ដី​អនុក្រឹត្យ​បឹង​តា​មោក​ពេល​នេះ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ដឹកនាំ​ដោយ​លោក សុខ សម្បត្តិ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ និង​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ទៅ​ត្រួតពិនិត្យ និង​ផ្អាក​សាងសង់​បណ្តោះអាសន្ន កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០ កន្លង​មកនេះ នៅ​ចំណុច​ក្នុងភូមិ​ឌួ​ង និង​ភូមិ​ផ្សារ​លិច ស្ថិត​ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។

លោក ស៊ូ ស៊ី​វត្ថា ប្រធាន​ភូមិបាល​ខណ្ឌ​ព្រែក​ព្នៅ​បាន​ប្រាប់​ឲ្យ​ដឹង​ថា សំណង់​ទាំងនេះ​មិន​មានច្បាប់​អនុញ្ញាត្តិ​ឡើយ ដោយ​លួច​សង់​ខុសច្បាប់ សំណង់​ខ្លះ​មានច្បាប់​សាងសង់​ត្រឹមតែ​ផ្ទះល្វែង​ទេ តែ​ពេល​សាងសង់​ជា​ផ្ទះ​វីឡា​ទៅ​វិញ ហើយ​សំណង់​ខ្លះ​ទៀត​បាន​សាងសង់​ចូល​ដី​អនុក្រឹត្យ​បឹង​តា​មោ​គ​ទៀត ។

លោក​បាន​បន្ត​ថា តាម​ពិត​ទីតាំង​ក្នុង​បុរី ប៊ុ​ន ជេស មាន​ប្លង់​កម្ម​សិទ្ធ​ត្រឹមត្រូវ តែ​បែរជា​លួច​សាងសង់​លើស​ច្បាប់​អនុញ្ញាតិ​ទៅ​វិញ ហើយ​ដូច​ជា​សំណង់​នៅ ឡុ​ង ឈិ​ន ជាប់​មហា​វិធី​ឈ្នះ​ៗ ក្រោយ​ពី​អាជ្ញាធរ​ចុះ​ហាមឃាត់​បាន​តែ​មួយ​ថ្ងៃ ស្អែក​ឡើង​ឃើញ​សាងសង់​វិញ អត់​មាន​គោរព​ច្បាប់​អី​បន្តិច​សោះ ។

តាម​ប្រភព​ពី​លោក សុខ សម្បត្តិ បាន​មាន​ប្រសាសន៍​ថា ការ​ផ្អាក​ការដ្ឋាន​សំណង់​ក្នុង​សង្កាត់​ព្រែក​ព្នៅ​នា​ពេល​នេះ គឺ​អនុវត្ត​ទៅ​តាម​ច្បាប់ និង​ធ្វើ​ឡើង​សំដៅ​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ ។ ក្នុង​ការ​ត្រួតពិនិត្យ​នេះ​រក​ឃើញ​ថា សំណង់​ដែល​សង់​ឡើង​មិន​ស្របច្បាប់​មាន​ប្រមាណ​ជិត​១០០​ផ្ទះ ដែល​ផ្ទះ​ទាំងនោះ​ភាគច្រើន​នៅ​ក្នុង​បុរី ប៊ុ​ន ជេស ស្ថិត​ក្នុងភូមិ​ឌួ​ង និង​បុរី ប៊ុ​ន ជេស ស្ថិត​ក្នុងភូមិ​ព្រែក​ព្នៅ ក្នុង​ការ​ផ្អាក​នេះ​ដែរ​បើ​ក្រុមហ៊ុន​នៅ​តែ​បន្ត​ធ្វើ​ទៀត អាជ្ញាធរ និង​ចាត់វិធានការ​រឹម​អូស​សម្ភារ ហើយ​បើ​មានការ​បាត់បង់​ខូចខាត់​អាជ្ញាធរ​មិន​ទទួលខុសត្រូវ​ឡើយ ។

លោក​បញ្ជាក់​ថា ការដ្ឋាន​សំណង់​ដែល​ត្រូវ​បាន​ផ្អាក នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ដំណើរការ​សាងសង់​ឡើង​វិញ លុះត្រា​ណា​តែ​អនុវត្ត​ការ​ណែនាំ​មួយ​ចំនួន​ដូច​ជា ម្ចាស់​សំណង់​ត្រូវ​បំពេញ​នូវ​ចំណុច​ខ្វះខាត ផ្នែក​បច្ចេកទេស និង​ច្បាប់ ម្ចាស់​សំណង់​ត្រូវ​រក​អ្នកត្រួតពិនិត្យ និង​បញ្ជាក់ ឬ​ក្រុមហ៊ុន​ត្រួតពិនិត្យ និង​បញ្ជាក់ ដែល​មាន​អាជ្ញា​បណ្ណ មក​ពិនិត្យ វិភាគ គណនា ពិសេស​ដើម្បី​ធានា​សុវត្ថិភាព​សំណង់ ៕