ភ្នំពេញ៖ ក្រោយពីកំពុងធ្វើការសុខៗ ស្រាប់តែថៅកែប្រាប់ថា បិទរោងចក្រហើយ កម្មករ-កម្មការិនី ទាមទារលក្ខខណ្ឌចំនួន៥ចំណុច បានសម្រេច៣ចំណុចហើយ តែនៅសល់២ចំណុចទៀត មិនទាន់មានដំណោះស្រាយមក កម្មករ-កម្មការិនី ចំនួន៦៦៩នាក់ នៅរោងចក្រផលិតស្បែកជើង «ហាណា (ខេមបូឌា) ១អ៊ីន» ចំនួន៦៦៩នាក់ បាននាំគ្នាដង្ហែក្បួនតវ៉ាចេញពីមុខរោងចក្រ ដែលមានទីតាំងនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ក្នុងបំណងឆ្ពោះទៅកាន់មុខភូមិគ្រឹះសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសុំឲ្យសម្ដេចជួយអន្តរាគមន៍ ។
ហេតុការណ៍ដង្ហែក្បួនតវ៉ាចេញពីមុខរោងចក្រនេះ បានធ្វើឡើងព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ។

តែពេលកម្មករ-កម្មការិនី ចំនួន៦៦៩នាក់ នាំគ្នាដង្ហែក្បួនតវ៉ាទៅដល់មុខសាលាសង្កាត់ចោមចៅទី៣ ត្រូវបានកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ស្ទាក់ឃាត់ដំណើរឲ្យកម្មករនៅស្ងៀមមួយកន្លែង ដោយមិនឲ្យដង្ហែក្បួនបន្តដំណើរទៅមុខទៀតឡើយ ហើយលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ក៏បានធ្វើការសម្របសម្រួលជាមួយបងប្អូនកម្មករ សូមឲ្យរង់ចាំលោក និងក្រុមការងារជួយដោះស្រាយ ចំណុចទាមទារ ដែលនៅសេសសល់មិនទាន់ត្រូវគ្នា ទាំងប៉ុន្មាននោះ ទើបកម្មករយល់ព្រមឈប់នៅត្រឹមនោះ ហើយក្រោយមកក៏បានរំសាយត្រឡប់ក្រោយវិញ។

ក្រុមកម្មករ-កម្មការិនី បានលើកឡើងពីមូលហេតុនៃការផ្ទុះការតវ៉ានេះ ថា កាលពីវេលាម៉ោង០៣៖៤០នាទីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ខណៈដែលកម្មករកំពុងធ្វើការក្នុងរោងចក្រសុខៗ ស្រាប់តែថៅកែរោងចក្រ ហៅប្រធានក្រុមកម្មករទៅប្រាប់ថា រោងចក្រនឹងបិទទ្វារ លែងដំណើរការចាប់ពីថ្ងៃនេះហើយ។ ពេលទទួលបានដំណឹងនេះភ្លាម កម្មករមានការជ្រួលច្របល់ហើយបានធ្វើការតវ៉ាភ្លាមៗ ទាមទារនូវលក្ខខណ្ឌចំនួន៥ចំណុច។

បន្ទាប់មក មន្រ្តីពីក្រសួងការងារ រួមជាមួយស្ថាប័នពាក់ព័ន្ធបានចុះទៅធ្វើការដោះស្រាយជាបន្តបន្ទាប់ រហូតមកដល់វេលាល្ងាចថ្ងៃទី៣០ ខែមិថុនា បានដោះស្រាយគ្នាចប់៣ចំណុចប៉ុណ្ណោះ នៅសល់២ចំណុច ដោះស្រាយមិនទាន់ចប់នោះគឺ៖
ទី១៖ ទាមទារប្រាក់អតីតភាពការងារ កម្មករដែលធ្វើការ បានរយៈពេលចាប់ពី៥ឆ្នាំឡើងទៅ ថៅកែរោងចក្រត្រូវតែគុណឆ្នាំឲ្យកម្មករ ។
ទី២៖ ទាមទារសំណងជំងឺចិត្ត ដែលរោងចក្របិទទ្វារអត់បានប្រាប់មុន។

ដោយសារតែមូលហេតុខាងលើនេះហើយ ទើបពេលនេះពួកគាត់ សម្រេចចិត្តនាំគ្នាចាកចេញ ពីរោងចក្រក្នុងបំណងធ្វើដំណើរ ទៅកាន់មុខភូមិគ្រឹះសម្ដេចតេជោ សូមឲ្យសម្ដេចជួយដល់ពួកគេទាំងអស់គ្នា ព្រោះតែពួកគេត្រូវបាត់បង់ការងារ ហើយថែមទាំងបាត់បង់អត្ថប្រយោជន៍ទាំងអស់ទៀតបែបនេះ៕