ខេត្តកោះកុង ៖ រថយន្តធុនធំដឹកគ្រឿងអេឡិចត្រូនិច១គ្រឿង បានបើកចេញដំណើរពីខេត្តកោះកុង ឆ្ពោះទៅភ្នំពេញ ក្នុងល្បឿនដូចហោះ លុះដល់ពាក់កណ្តាលផ្លូវស្រាប់តែរេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ជាច្រើនត្រឡប់ខូចខាតរថយន្តទាំងស្រុក ។ ចំណែក តៃកុងរថយន្តស្លាប់ ខណៈព្រូឡានរងរបួសបាក់ដៃម្ខាង។

ហេតុការណ៍គ្រោះថ្នាក់គួរឲ្យរន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង១២ និង១០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ជួយចាត់ចែងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលរបួសសង្គ្រោះជីវិត។ រីឯ សពជនរងគ្រោះ សមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិដឹកយកធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត។