វៀតណាម៖ កាលពីឆ្នាំ ២០១៦ អតីតប្រធានាធិបតីទី៤៤ របស់សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានធ្វើទស្សនៈកិច្ចផ្លូវការទៅកាន់ប្រទេសវៀតណាម ហើយគ្រានោះលោកបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍ខ្លាំងទៅលើសកម្មភាពដ៏សាមញ្ញបំផុតមួយគឺលោក បានសម្រេចចិត្តជ្រើសរើសទីតាំងហាងតូចមួយឈ្មោះ bun cha ដើម្បីបរិភោគអាហារ ហើយរូបថតរបស់លោកក៏ត្រូវបានគេចែកចាយពាសពេញពីភពលោកផងដែរ ។​

ប្រភពបានប្រាប់ថា ក្រោយពី លោក​ បារ៉ាក់ អូបាម៉ា ចាកចេញ ម្ចាស់ហាងខាងលើបានសម្រេចចិត្តបិទតុដែលលោក​អង្គុយនោះ មិនឲ្យមានអ្នកណាមកអង្គុយឡើយ ហើយក្រោយមកឈ្មោះហាងមួយនេះបានចាប់ផ្ដើមល្បីទូទាំងប្រទេស រហូតដល់មានមនុស្សជាច្រើនសម្រុកចូលមកគាំទ្រភ្លូកទឹកភ្លូកដីទៀតផង ។

យ៉ាងណាមិញទោះជារហូតមកទល់បច្ចុប្បន្ននេះមានរយៈពេល ៤ឆ្នាំហើយយ៉ាងណាក្ដី ក៏ម្ចាស់ហាងខាងលើដែលមានឈ្មោះអ្នកស្រី Huong Lien បានប្រាប់ថា នៅតែមានអតិថិជនជាច្រើនតម្រង់ជួរចូលបរិភោគបាយទឹក ម្ហូបចំណី នៅហាងរបស់គាត់ រហូតដល់មានឱកាសបើកសាខាថ្មីថែមទៀតផង ៕

ប្រភព៖ webtintuc