រាជធានីភ្នំពេញ៖ កាលពីសប្ដាហ៍កន្លងទៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានផ្សព្វផ្សាយណែនាំឱ្យលោកអ្នកមានការប្រុងប្រយ័ត្នក្នុងការទាញយកកម្មវិធីណាមួយមកប្រើ ព្រោះវាអាចបង្កប់ជាមួយនឹងមេរោគ។ ឥឡូវនេះក្រុមហ៊ុនហ្គូសហ្គលទើបតែបានលុបចោលកម្មវិធីចំនួន ២៥ពី Play Store បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កម្មវិធីទាំងនោះមានបង្កប់ជាមួយនឹងមេរោគដើម្បីលួចយកទិន្នន័យ Facebook Credentials (Facebook Credentials គឺជាព័ត៌មានសំខាន់ៗដែលអ្នកប្រើប្រាស់ប្រើសម្រាប់ចូលគណនីហ្វេសប៊ុក ដូចជា ឈ្មោះ និងលេខសម្ងាត់ជាដើម)។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា មុនពេលលុបចោល កម្មវិធីទាំង២៥នេះ មានការទាញយកចំនួនប្រមាណ ២,៣៤លានដង ហើយកម្មវិធីទាំងនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនតែមួយប៉ុណ្ណោះ។ ទោះបីជាកម្មវិធីនិមួយៗមានមុខងារផ្សេងៗគ្នាដូចជា កម្មវិធីសម្រាប់ កែរូបភាព កែវីដេអូ ឬ Wallpaper ក៏ដោយ ប៉ុន្តែវាសុទ្ធតែមានបង្កប់ជាមួយនឹងមេរោគដូចៗគ្នា។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនហ្គូសហ្គលបានលុបចោលកម្មវិធីនេះពី Play Store កាលពីដើមខែកន្លងទៅ ហើយក្រុមហ៊ុនក៏បានបញ្ឈប់ដំណើរការកម្មវិធីនៅលើទូរសព្ទរបស់អ្នកប្រើប្រាស់ និងបានជូនដំណឹងដល់ពួកគេតាមរយៈ Play Protect ដែលមាននៅក្នុង Play Store រួចមកហើយផងដែរ។

រាល់ពេលដែល នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការបង្ហោះព័ត៌មានបច្ចេកវិទ្យាផ្សេងៗនៅក្នុងទំព័រហ្វេសប៊ុក នាយកដ្ឋានតែងតែបានធ្វើការណែនាំដល់អ្នកប្រើប្រាស់រាល់ពេលផងដែរ។ សម្រាប់ពេលនេះ នាយកដ្ឋានគ្រាន់តែក្រើនរំឭកដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យមានការប្រុងប្រយ័ត្នក្នុងការទាញយកកម្មវិធីអ្វីមកប្រើប្រាស់ ចៀសវាងទាញយកកម្មវិធីដែលមានមេរោគមកជាមួយ ដែលបណ្ដាលឱ្យឧបករណ៍លោកអ្នកប្រើប្រាស់មានបញ្ហា ឬនាំឱ្យបាត់បង់ទិន្នន័យផ្ទាល់ខ្លួនជាដើម៕