រាជធានីភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញ មានការបែកធ្លាយវីដេអូឃ្លីបមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីសកម្មភាពរបស់មន្ត្រីនគរបាលប៉ុស្តិ៍ក្បាលកោះ បានប្រើអំពើហិង្សាវាយធាក់លើជនសង្ស័យម្នាក់គ្មានអាសូរ បណ្តាលឲ្យរងរបួសយ៉ាងដំណំ ដែលទង្វើបែបនេះ ដ៏សាហាវនេះ បានធ្វើឲ្យមហាជននាំគ្នារិះគន់យ៉ាងចាស់ដៃ។

ជុំវិញនឹងករណីនេះ លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បំភ្លឺប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ថា បញ្ហានេះ គឺ សមត្ថកិច្ចអនុវត្តច្បាប់ តែដោយសារជនសង្ស័យរើបម្រះ និងប្រតាយប្រតប់ជាមួយសមត្ថកិច្ច ទើបឈានដល់ការប្រើវិធានការក្តៅតែម្តង ។ តាមពិតជនសង្ស័យមិនព្រមឡើងម៉ូតូសមត្ថកិច្ច តាមសម្រួលឡើយ ហើយសមត្ថកិច្ចរកឃើញគ្រឿងញៀន១កញ្ចប់នៅក្នុងផងដែរ។

តែយ៉ាងណា ពេលនេះ ជនសង្ស័យត្រូវសមត្ថកិច្ចនាំមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។
សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ មានវីដេអូឃ្លីបមួយដែលបានបង្ហាញនៅសកម្មភាពរបស់មន្ត្រីនគរបាលប៉ុស្តិ៍ក្បាលកោះ ចំណុះអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានប្រើអំពើហិង្សា វាយដំ ច្រំធាក់ទៅលើជនសង្ស័យម្នាក់គ្មានប្រណី ដែលទង្វើរបែបនេះ បង្កឲ្យមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ យ៉ាងខ្លាំង។

យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Phon Nary ដែលបានបង្ហោះនូវវីដេអូជាច្រើនពាក់ព័ន្ធនឹងសកម្មភាពអំពើហឹង្សារបស់ប៉ូលីស ព្រមទាំងបានសរសេររៀបរាប់នូវពាក្យពេចន៌មួយចំនួនថា៖«សូមសម្តេចតេជោ ជួយរកយុត្តិធម៌ឲ្យផង ប៉ូលិសនៅសង្កាត់ក្បាលកោះ បានវាយធ្វើទារុណកម្មយ៉ាងព្រៃផ្សៃមកលើកូននាងខ្ញុំ តើកូនខ្ញុំមានទោសអ្វី ហើយស្ថានទោសកម្រិតណា»។

ជាមួយគ្នានេះមានមហាជននៅលើបណ្ដាញសង្គមជាច្រើនបានមានប្រតិកម្ម ហើយនាំគ្នាបញ្ចេញនូវមតិរិះគន់ជាខ្លាំង និងសម្តែងការមិនពេញចិត្តពីទង្វើរបស់ក្រុមសមត្ថកិច្ចទាំង៣នាក់នេះ ដែលការធ្វើបែបនេះ គឺជាហិង្សាដ៏ព្រៃផ្សៃ ដែលសមត្ថកិច្ចទាំងអស់ មានកាតព្វកិច្ចអនុវត្តច្បាប់ មិនត្រូវធ្វើបែបនេះនៅចំពោះមុខមហាជនឡើយ ទោះបីជនសង្ស័យម្នាក់នោះមានកំហុសឆ្គងខ្លាំងយ៉ាងណាក៏ដោយ ៕
ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖

ដោយ ៖ សិន សុភាព