រាជធានីភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានបញ្ជាក់ថា ខេត្តរតនគិរី នៅតែមានការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់កើតមានឡើងនៅក្នុងតំបន់ការពារធម្មជាតិ ហើយមានការជាប់ព័ន្ធនឹងអាជ្ញាធរមូលដ្ឋានខ្លះដូចជាមេភូមិ មេឃុំជាដើម។

ក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តរតនគិរី នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លោកសាយ សំអាល់បានថ្លែងថា “នៅខេត្តរតនគិរី នៅតែមានការ ទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ កើតមានឡើង នៅក្នុងតំបន់ការពារធម្មជាតិ ហើយមានការជាប់ព័ន្ធ នឹងអាជ្ញាធរមូលដ្ឋានខ្លះ ដូចជាមេភូមិ មេឃុំជាដើមដែលនៅបន្តបំពានច្បាប់ ចុះហត្ថលេខាលើលិខិតទិញ និងលក់ដី និងការចុះហត្ថលេខាបញ្ជាក់ពីការកាន់កាប់ដីដោយខុសច្បាប់ ទោះបីជាមានការផ្សព្វផ្សាយ អប់រំណែនាំជាច្រើនលើកច្រើនសា រួចមកហើយពីសំណាក់ មន្ត្រីជំនាញយ៉ាងណាក៏ដោយ”។

ទាប់ទងជាមួយបញ្ហានេះ លោកសង្កត់ធ្ងន់ថា “អាជ្ញាធរមូលដ្ឋាន ដែលមានតួនាទីចូលរួមការពារនិងអភិរក្សធនធានធម្មជាតិមិនត្រូវបើកដៃ ឱ្យមានការកាប់រាន ដុតឆ្ការ ទន្ទ្រានកាន់កាប់ដៃរដ្ឋដោយខុសច្បាប់ ហើយស្នើសុំកាត់ឆ្វៀលដី រំលោភទន្ទ្រានទាំងនោះឱ្យក្រុមជនខិលខូចឡើយ នេះជាទង្វើខុសច្បាប់ហើយចាំបាច់ ត្រូវទទួលខុសត្រូវចំពោះមុខ ច្បាប់ដោយគ្មានការលើកលែងឡើយ”។

លោកឲ្យដឹងទៀតថា ជនដែលរំលោភបំពានទន្ទ្រានកាន់កាប់ដីរដ្ឋ តែងតែត្រូវបានប្រឈមមុខជាមួយច្បាប់ ដោយចាំបាច់ត្រូវតែអនុវត្តវិធានការច្បាប់យ៉ាងតឹងរឹងបំផុត ដើម្បីប្រឆាំងនឹងការរំលោភ បំពាននេះ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋខ្វះដីពិតប្រាកដ ត្រូវដាក់ពាក្យ ស្នើសុំដីសម្បទានសង្គមកិច្ច ជាមួយអាជ្ញាធរពាក់ព័ន្ធ ហើយប្រសិនបើមានកំណើនប្រជាជន ក្នុងឃុំ-ស្រុក ឬមានបំណង ចង់បង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋ អាជ្ញាធរអាចលើកជាគម្រោង ដើម្បីជជែកពិភាក្សាជាមួយមន្ត្រីជំនាញ។

លោកបន្ថែមថា ត្រូវញែកឲ្យដាច់ រវាងការឆ្វៀលដីភូមិដ្ឋានចាស់ ដែលពលរដ្ឋរស់នៅស្របតាមគោលការណ៍ស្បែកខ្លា និងស្នើសុំកាត់ឆ្វៀលដីដែល បានមកពីការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់។
លោកបន្ថែមទៀតថា ករណីស្នើសុំកាត់ឆ្វៀលដី ដែលបានមកពីការទន្ទ្រាន កាន់កាប់ដីរដ្ឋដោយខុសច្បាប់ ជាទង្វើខុសច្បាប់ ហើយត្រូវប្រឈមមុខនឹងច្បាប់៕