ខេត្តតាកែវ ៖ ជនសង្ស័យចំនួន៤នាក់ ក្នុងនោះមាននេនចំនួន២អង្គ ត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន នាំមកចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីចោរគាស់ដំបូលសាលារៀនបឋមសិក្សាអង្គរកា ចូលលួចកុំព្យូទ័រចំនួន១៦គ្រឿង ។

សូមបញ្ជាក់ថា កាលពីដើមខែមិថុនា ឆ្នាំ២០២០ កន្លងទៅ មានចោរពុំស្គាល់អត្តសញ្ញាណ១ក្រុម បានធ្វើសកម្មភាពបើកដំបូលក្បឿងនៅសាលារៀនបឋមសិក្សាអង្គរកា ចូលលួចយកកុំព្យូទ័រអស់ចំនួន១៦គ្រឿង , ប្រដាប់បំពងសំឡេងចំនួន២គ្រឿង ។ ជាមួយគ្នានោះដែរ គណៈគ្រប់គ្រងសាលារៀន បានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាមន៍។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ក្រោយពីមានពាក្យបណ្តឹងខាងលើ កម្លាំងសមត្ថកិច្ចបានបើកធ្វើការស្រាវជ្រាវយ៉ាងក្តៅគគុក លុះនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ទើបសមត្ថកិច្ចកំណត់មុខសញ្ញាបាន ឈានដល់ឃាត់ជនសង្ស័យម្នាក់ឈ្មោះហ៊ុន ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិតាកឹម ឃុំតាភេម ស្រុកត្រាំកក់ នាំមកធ្វើការសាកសួរ ដោយដកហូតបានកុំព្យូទ័រចំនួន២គ្រឿង ។

ប្រភពបន្តថា ក្រោយពីស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យ ហ៊ុន ធារ៉ា សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ទៀត រួមមាន៖ ទី១-ឈ្មោះលាវ រ៉ុង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃរំដួល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់។ ទី២-ឈ្មោះវន ផានិត ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិតាតឹម ឃុំជាងទង ស្រុកត្រាំកក់ (ជាព្រះសង្ឃ គង់នៅវត្តអង្គរកា) និង៣-ឈ្មោះនេត សំណាង ហៅទូច ភេទប្រុស អាយុ១៤ឆ្នាំ មាន ស្រុកកំណើតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ (ជាព្រះសង្ឃ គង់នៅវត្តអង្គរកា)។ ព្រមទាំងដកហូតបានកុំព្យូទ័រចំនួន៥គ្រឿងបន្ថែមទៀត ( សរុបកុំព្យូទ័រដែលដកហូតបានចំនួន៧គ្រឿង។
ក្រោយបញ្ចប់ការសាកសួរ ជនសង្ស័យទាំង៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី៕