ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​ជាបឋម បានអោយ​ដឹង​ថា សង្ស័យ​ផ្ទុះ​ភ្លើង​ប្រចណ្ឌ លើ​បុរស​ជា​គូស្នេហ៍ ដែល​ជា​មន្ត្រី​ប៉ូ​លី​ស​ចរាចរណ៍​ម្នាក់ ត្រូវ​ស្រី​កំណាន់ កាត់​ប្រដាប់បន្តពូជ​ជិត​ដាច់ បណ្ដាល​អោយ​រង​របួស​ធ្ងន់ធ្ងរ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ពោន ឃុំ​ច្រនាង ស្រុក​តាំងគោក​ខេត្តកំពង់ធំ ។

បើ​តាម​សាក្សី ដែល​បានដឹង​ហេតុការណ៍ បាន​ប្រាប់​ឲ្យ​ដឹង​ថា ករណី​នេះ​បាន​បង្ក​ឡើង​ដោយ​ជនសង្ស័យ​មានឈ្មោះ រិ​ទ្ធ ស្រី​នាង ភេទ​ស្រី អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ដំរី​ជាន់​ខ្លា សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ដោយ​ប្រើ​កាំបិតប៉័ងតោ សម្រាប់​ប្រើប្រាស់ ជា​អាវុធ ។

ចំណែក​ភាគី​ជន​រង​គ្រោះ មានឈ្មោះ ខៀន សុខ​ល័​ក្ខ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មន្ត្រី​នគរបាល​ចរាចរណ៍ រស់នៅ​ភូមិ​តាំង​ក្រ​សៅ ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។

ក្នុង​ករណី​អំពើ​ហិង្សា​នេះ លោក ខៀន សុខ​ល័​ក្ខ ត្រូវ​បាន​ស្រី​ម្នាក់​ឈ្មោះ រិ​ទ្ធ ស្រី​នាង កាត់​អា​អូន​តូច (​ប្រដាប់​ភេទ​) ជិត​ដាច់ និង​ថែម មួយ​កាំបិត​ទៀត​ចំ​ភ្លៅ បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក ។ ក្រោយ​ពី​កើតហេតុ ជន​បង្ក​បាន​រត់គេច​ខ្លួន បាត់​ស្រមោល ។

ករណី​ខាងលើ​នេះ អ្នក​សារព័ត៌មាន​យើង​នៅ​មិន​ទាន់​សុំ​ការ​បំភ្លឺ​ព័ត៌មាន​លម្អិត​ពី​លោក សន តា​ល់ អធិការ​ស្រុក​តាំងគោក បាន​នៅឡើយ​ទេ ដោយ​លោក ពុំ​ហ៊ាន​ផ្តល់​ព័ត៌មាន​នោះ​ទេ និង​ឲ្យ​អ្នក​សារព័ត៌មាន ទាក់ទង​សួរ​ទៅ​កាន់​លោកស្នងការ​នគរបាល​ខេត្តកំពង់ធំ វិញ ៕