ខេត្តក្រចេះ៖ ទូកព្យាង្គសណ្តោងជាក្បូនដឹកឈើបង្កប់ប៉ប្រះក្រោមទឹកយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលឈ្មួញជើងខ្លាំងម្នាក់នៅខេត្តក្រចេះ បានធ្វើសកម្មភាពដឹកជញ្ជូនឈើតាមទូកព្យាង្គសណ្តោងជាក្បូនដឹកឈើបង្កប់ប៉ប្រះក្រោមទឹក យ៉ាងច្រើនសន្ធឹកសន្ធាប់ ចេញពីតំបន់ព្រៃឡង់ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង បំណងចូលមកខេត្តក្រចេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសំបូរ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧០៨ .៧១០ បង្ក្រាបបាន កាលពីវេលាម៉ោង៣ រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចភូមិដំរែល ឃុំបឹងចារ ស្រុកសំបូរ ។

សមត្ថកិច្ចកងរាជអាវុធហត្ថ បានឱ្យដឹងថា ឈើដែលដឹកតាមទូកព្យាង្គនេះ ក្រុមកម្មករប្រាប់ថា ជារបស់ឈ្មោះ «ជា» រស់នៅក្នុងឃុំសណ្តាន់ ស្រុកសំបូរ ជាឈ្មួញឈើល្បីល្បាញ មិនខ្លាចញញើតសមត្ថកិច្ចណាឡើយ គឺអាងមានខ្នងអ្នកធំនៅពីក្រោយ ហើយឈ្មោះនេះតែងតែដឹកជញ្ជូនឈើតាមទូកព្យាង្គពីខេត្តស្ទឹងត្រែង មកដាក់នៅស្រុកសំបូរ ជាញឹកញាប់។

ក្រោយពីបង្ក្រាបបាន កម្លាំងកងរាជអាវុធហត្ថខេត្ត បានប្រគល់ឈើទាំងអស់នោះឱ្យទៅខាងបរិស្ថានភូមិកោះខ្ញែ ឃុំអូរគ្រៀង ធ្វើការវាស់វែង និងយកទៅរក្សាទុកដើម្បីកោះហៅម្ចាស់ឱ្យចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់ព្រៃឈើ៕