ខេត្តព្រះសីហនុ៖ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានបង្ហាញលទ្ធផលពីមន្ទីរពិសោធន៍ថា រ៉ែដែលប្រជាពល រដ្ឋខេត្តព្រះសីហនុ ផ្អើលនាំគ្នាទៅជីកនៅជើងភ្នំមួយ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ នោះ មិនមែនជារ៉ែមាសទេ គឺជាប្រភេទរ៉ែពីរីត ដែលជាបណ្ដុំនៃសមាសធាតុដែក និងស្ពាន់ធ័រប៉ុណ្ណោះ ។
នេះបើយោងតាមផេកផ្លូវការរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ។

ក្រសួងព័ត៌មាន បានបញ្ជាក់ថា៖ លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែនិងថាមពល បានឲ្យដឹងថា បន្ទាប់ពីក្រុមអ្នកជំនាញ បានយកមកពិសោធន៍យ៉ាងល្អិតល្អន់មក ឃើញថា ទីតាំងដែលប្រជាពលរដ្ឋនាំគ្នាផ្អើលជីកកកាយដែលសង្ស័យថាជារ៉ែមាស ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ នោះ គឺពុំមែនសុទ្ធតែរ៉ែមាសនោះទេ គ្រាន់តែមានមាសតិចតួចប៉ុណ្ណោះ ហើយគ្មានសក្ដានុពលសម្រាប់សេដ្ឋកិច្ច ឬមានតម្លៃអ្វីសម្រាប់ធ្វើអាជីវកម្មទេ ។

លោក យស មុនីរ៉ាត់ បានអំពាវនាវ កុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ហើយឈប់នាំគ្នាផ្សងព្រេង ទៅបន្តជីកកកាយនៅទីតាំងនោះទៀត ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ណាមួយជាយថាហេតុ ។ តក្រុមការងារក្រសួង បានសហការជាមួយអាជ្ញាធរខេត្ត ដើម្បីរក្សាតំបន់នោះទុកធ្វើការស្រាវជាវនៅពេលក្រោយបន្តទៀត ។

សូមរំលឹកថា ៖ កាលថ្ងៃទី១២ ខែមិថុនា កន្លងទៅនេះ មានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាជីកកកាយយករ៉ែ នៅចំណុចជើងភ្នំមួយកន្លែង ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ដោយពួកគាត់ឃើញដុំនោះមានពន្លឺប្លែក ទើបសន្និដ្ឋានថាជារ៉ែមាស តៗគ្នា៕