ខ្មែរក្រោម៖ យោងតាម វិទ្យុសំឡេងកម្ពុជាក្រោម ក៏ដូចជាទំព័រហ្វេសប៊ុក «Voice of Kampuchea Krom Radio (VOKK)» បានឲ្យដឹងថា នៅយប់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ មានរណីឃាតកម្ម មកលើខ្មែរក្រោមមួយគ្រួសារ ស្ថិតនៅភូមិជ្រៃភេ ស្រុកកញ្ចោង ខេត្តព្រះត្រពាំង ត្រូវជនដៃដល់ជាឃាតក និងជាជនជាតិយួនផង បានវាយសម្លាប់ទៅលើសមាជិកគ្រួសារមានមនុស្ស ២ នាក់ ដែលម្នាក់ជាកម្មការិនីរោងចក្រ អាយុ ៣៦ ឆ្នាំ និង បុរសជាឪពុកម្នាក់អាយុ ៦៧ ឆ្នាំ ។

បើតាមអ្នកភូមិ នៅក្បែរផ្ទះជនរងគ្រោះទាំងពីរនោះ បានដាក់ការសង្ស័យថា អាចជារឿងគំនុំគំកួន (ប៉ុន្តែ មិនទាន់ដឹងច្បាស់ថា ជាគំនុំរឿងអ្វីនោះទេ) ។ តាមប្រភពពីអ្នកឃើញហេតុការណ៍ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះជាកម្មការិនីខ្មែរក្រោម ឈ្មោះ ថាច់ ធីសាភា អាយុ ៣៦ ។

នៅវេលាម៉ោង ១០ យប់ នាងបានចេញមកពីធ្វើការរោងចក្រ រួចហើយក៏ទៅងូតទឹកនៅក្រោយផ្ទះរបស់ខ្លួន ស្រាប់តែឃាតក លបមកវាយសម្លាប់ពីក្រោយខ្នង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។ អ្នកឃើញហេតុការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុខាងលើ ឪពុករបស់ជនរងគ្រោះ ឈ្មោះ ថាច់ ឈួន អាយុ ៦៧ ឆ្នាំ ឮសូរសំឡេងកូនរបស់ខ្លួនស្រែកហៅ ក៏រត់ចេញមកជួយ ហើយពេលកំពុងប្រតាយប្រតប់គ្នាជាមួយជនដៃដល់នោះ ដោយសារតែឪពុករបស់ជនរងគ្រោះមានវ័យចាស់ជរា និងកម្លាំងខ្សោយផង ក៏ត្រូវបានឃាតកវាយសម្លាប់តែម្តង ។

​សូមបញ្ជាក់ថា ជុំវិញរឿងនេះ សមត្ថកិច្ចនគរបាលយួន កំពុងតែបើការស៊ើបអង្កេលើករណីឃាតកម្មនេះ ៕

ប្រភព៖ VOKK