ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំពិភាក្សាលើលំហូរនីតិវិធីរួមក្នុងការផ្ទេរកម្មសិទ្ធិយានយន្ត ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ និងកាត់បន្ថយពេលវេលាទទួលសេវា និងបង់ពន្ធប្រថាប់ត្រា។

កិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តោតលើការពិនិត្យ និងកែសម្រួលលើប្រកាសអន្តរក្រសួងស្តីពី “បែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត”។

លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានពន្ធដារ បានសម្រួលដល់ប្រជាពលរដ្ឋ ក្នុងដាក់ពាក្យផ្ទេរកម្មសិទ្ធិយានយន្ត បង់សេវា និងបង់ពន្ធប្រថាប់ត្រាក្នុងពេលតែមួយនៅទីតាំងផ្តល់សេវាតែមួយរួមគ្នានៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ និងកាត់បន្ថយពេលវេលារបស់ប្រជាពលរដ្ឋ។

ថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី៣០ ខែមិថុនានេះ លោកបានបញ្ជាក់ថា ប្រកាសរួមស្តីពីនីតិវិធីថ្មីនេះ នឹងស្នើគោលការណ៍ដាក់ឱ្យអនុវត្តនៅទីតាំងផ្តល់សេវារួមតែមួយ ដូចជាការបង់ប្រាក់សេវា និងពន្ធប្រថាប់ត្រារួមគ្នាក្នុងវិក្កយបត្រតែមួយ សម្រួលដល់ប្រជាពលរដ្ឋមានភាពងាយស្រួល កាត់បន្ថយនីតិវិធីស្មុគស្មាញ ចំណេញពេលវេលា និងធានាលុបបំបាត់ចំណាយក្រៅផ្លូវការ។ លោកថា នីតិវិធីនៃការផ្ទេរកម្មសិទ្ធិថ្មីនេះ នឹងត្រូវចំណាយពេលតែ១ថ្ងៃ ប្រសិនបើមិនមានការប្តូរផ្លាកលេខ និងរយៈពេល២ទៅ៣ថ្ងៃ ប្រសិនបើមានការប្តូរផ្លាកលេខ។

លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឱ្យដឹងថា៖កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើលំហូរនីតិវិធីក្នុងការផ្តល់សេវាផ្ទេរកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិយានយន្តរួមគ្នា តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយតភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យារបស់អគ្គនាយកដ្ឋានពន្ធដារ។

លោកបានបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះត្រូវ បានធ្វើឡើង ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងដាក់ពាក្យផ្ទេរកម្មសិទ្ធិយានយន្ត បង់សេវា និងបង់ពន្ធប្រថាប់ត្រាក្នុងពេលតែមួយ នៅទីតាំងផ្តល់សេវាតែមួយ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ឲ្យបានលឿនរហ័ស ក្រោមគំនិតផ្តួចផ្តើម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលស្របតាមគោលនយោបាយកំណែទម្រង់ក្នុងការផ្តល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាល ៕