ខេត្តរតនគិរី ៖ បុរសម្នាក់ប្រកបរបរស៊ីឈ្នួលកាត់ស្មៅចម្ការឱ្យគេ ស្រាប់តែចៃដន្យបាក់ផ្លែម៉ាស៊ីនកាត់ស្មៅខ្ទាតហោះមកប៉ះចំក្បាល បណ្តាលឱ្យស្លាប់ភ្លាមៗមួយរំពេច។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤៖១០នាទីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នៅចម្ការមយយស្ថិតក្នុងភូមិកាម៉ែនតូច ឃុំសាមគ្គី ស្រុកអូរជុំ ។
ជនរងគ្រោះឈ្មោះ យ៉ែក ហឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិទំពួន មុខរបរធ្វើចម្ការ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

មុនពេលកើតហេតុ ជនរងគ្រោះបានទៅស៊ីឈ្នួលកាត់ស្មៅចម្ការឱ្យឈ្មោះ ភើន ប្លាន់ ដែលរស់នៅភូមិជាមួយគ្នា។ ពេលកំពុងតែកាត់ស្មៅនោះ ស្រាប់តែចៃដន្យផ្លែម៉ាស៊ីនកាត់ស្មៅនោះបានវិលប៉ះចំថ្ម បណ្តាលឱ្យបាក់ផ្លែមួយកំណាត់ ខ្ទាតមកត្រូវចំលើថ្ងាសជនរងគ្រោះ បណ្តាលឱ្យដួលស្លាប់ភ្លាមៗមួយរំពេច។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារផ្លែម៉ាស៊ីនកាត់ស្មៅនោះពិតប្រាកដមែន និងប្រគល់សពឱ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕