បន្ទាប់​ពី​ការ​ប្រឈម​មុខ​គ្នា​មិន​ធ្លាប់​មាន​រវាង​កងទ័ព​ឥណ្ឌា និង​ចិន​នៅ​ជ្រលង​ភ្នំ​ហ្គា​ឡា​វ៉ា​ន តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ (​ឥណ្ឌា​-​ចិន​) កាលពី​ថ្ងៃ​ទី​១៥ មិថុនា កន្លង​មកនេះ ពេល​នេះ​មេបញ្ជាការ​កងទ័ព​នៃ​ប្រទេស​ឥណ្ឌា​-​ចិន​បាន​ជួប​មុខ​គ្នា​ដើម្បី​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ភាព​តានតឹង​នៅ​តាម​ព្រំដែន តាម​រយៈ​ការ​ចូលរួម​រវាង​កងទ័ព និង​កងទ័ព និង​ប្រមុខ​ការទូត​របស់​ប្រទេស​ទាំង​ពីរ ។ នេះ​បើ​យោង​តាម​ប្រភព​ទីភ្នាក់ងារសារព័ត៌មាន Sputnik ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ នេះ ។

មេបញ្ជាការ​នៃ​កងទ័ព​ឥណ្ឌា និង​ចិន​កំពុង​ប្រជុំ​នៅ​ថ្ងៃនេះ​ជា​លើក​ទី​បី​ដើម្បី​រក​ដំណោះស្រាយ​កាត់​បន្ថយ​ជម្លោះ​នៅ​តាម​បណ្តោយ​ព្រំដែន​អន្តរជាតិ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​បាន​ផ្ទុះ​ការ​ប៉ះទង្គិច​គ្នា​រហូត​ដល់​មានការ​បង្ហូរឈាម​មួយ​រវាង​កងទ័ព កាលពី​ថ្ងៃ​ទី​១៥ មិថុនា ដែល​ក្នុង​នោះ​មាន​ទាហាន​ឥណ្ឌា​២០​នាក់​ត្រូវ​បាន​ស្លាប់​បាត់បង់​ជីវិត ។

ឧត្តមសេនីយ៍ឯក Harinder Singh​ មេបញ្ជាការ នៃ​កងទ័ព​ឥណ្ឌា នឹង​ជួប​សម​ភាគី​របស់​លោក​មក​ពី​កងទ័ព​ចិន​គឺ​ឧត្តមសេនីយ៍ទោ លីវ លី​ន ដែល​ជា​មេបញ្ជាការ​កាន់កាប់​តំបន់​យោធា ស៊ី​ន ជាំ​ង ខាងត្បូង នៃ​ប្រទេស​ចិន ដើម្បី​ប្រជុំ​នៅ​ចំណុច​ព្រំដែន ឈី​ស ស៊ូ​ល នៅ​ខាង​ឥណ្ឌា ។

ក្រោយ​ការ​ប៉ះទង្គិច​គ្នា​កន្លង​មក ឥណ្ឌា​-​ចិន ធ្លាប់​បើក​ការ​ប្រជុំ​ពីរ​លើក​រួច​មក​ហើយ​នៅ ម៉ុ​ន​ដូ របស់​ភាគី​ចិន កាលពី​ថ្ងៃ​ទី​០៦ និង​ថ្ងៃ​ទី​២២ មិថុនា ។ ក្រុង​ញូ​វ​ដែ​លី បាន​សម្រេចចិត្ត​បន្ត​ការ​ចរចា​ជាមួយ​ទីក្រុង​ប៉េ​កាំ​ង ។

ប្រភព​ព័ត៌មាន​ពី​រដ្ឋាភិបាល​ឥណ្ឌា​បាន​ឲ្យ​ដឹង​ថា​៖ «​យើង​មិន​ចង់​ឲ្យ​មានការ​កើតឡើង​បែប​នេះ​ទេ ប៉ុន្តែ​យើង​នឹង​មិន​សម្របសម្រួល​ដោយ​ការ​ផ្តល់​អំណោយ​ដល់​ប្រទេស​ចិន​ទេ​» ។ ទន្ទឹម​នឹង​នេះ​របាយការណ៍​មួយទៀត​បាន​បង្ហាញ​ថា ប្រទេស​ឥណ្ឌា​បាន​ដាក់​ពង្រាយ​រថក្រោះ​បាញ់​មី​ស៊ី​ល​ធុន T-90 ចំនួន​៦​គ្រឿង និង​ប្រព័ន្ធ​កាំជ្រួច​ប្រឆាំង​នឹង​រថក្រោះ​ទៅ​កាន់​តំបន់​ជួរ​មុខ​នៅ​ក្នុង​តំបន់​ជ្រលង​ភ្នំ​ហ្គា​ល​វ៉ា​ន់​ដើម្បី​ទប់ទល់​ជាមួយ​ចិន​ផង​ដែរ​ករណី​មានការ​ផ្ទុះអាវុធ​ណាមួយ​កើតឡើង ៕