ហ្វីលីពីន៖ ក្រុមមន្ត្រីយោធា និងក្រុមប៉ូលិស របស់ប្រទេសហ្វីលីពីន បានផ្ទុះអាវុធដាក់គ្នាមួយប្រាវ។ នៅទីបំផុត ភាគីមន្ត្រីយោធាចំនួន៤នាក់ ត្រូវបានស្លាប់នៅនឹងកន្លែង ក្នុងនោះមានមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ និងអគ្គបញ្ជាការយោធាម្នាក់ ។ ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើង កាលពីវេលាម៉ោង២ និង៤០នាទីរសៀលថ្ងៃចន្ទ ម្សិលមិញ នៅក្រុង Jolo ខេត្ត Sulu ស្ថិតនៅភាគខាងត្បូង ប្រទេសហ្វីលីពីន ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានដែលចេញផ្សាយ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ថា ប៉ូលិសមួយក្រុម ខណៈដែលចេញល្បាត បានប្រទះឃើញមន្ត្រីយោធា១ក្រុមមានចំនួន៤នាក់ នៅលើរថយន្តដឹក សម្ភារៈកីឡា១គ្រឿង ។ ពេលនោះ កម្លាំងប៉ូលិស មានការសង្ស័យលើមន្ត្រីយោធាទំាងនោះ ក៏បានហៅឲ្យឈប់ រថយន្ត ដើម្បីធ្វើការពិនិត្យ ស្រាប់តែក្រុមមន្ត្រីយោធាទំាងនោះ បានភៀសខ្លួនចេញពីរថយន្ត និងដកកាំភ្លើងបាញ់ប្រហារមកលើកម្លាំងប៉ូលិស។
សារព័ត៌មានដដែលបន្តថា ពេលនោះ ក្រុមមន្ត្រីប៉ូលិសបានបង្ខំចិត្តបាញ់តបតវិញ ដើម្បីការពារខ្លួន តែដោយសារគ្រាប់កាំភ្លើងគ្មានភ្នែក ក៏បានផ្តាច់ជីវិតរបស់មន្ត្រីយោធាទាំងនោះ នៅកន្លែងផ្ទុះអាវុធតែម្តង៕