ខេត្តកណ្ដាល៖ គ្មានការយោគយល់ ចំពោះឡានដឹកដី-ខ្សាច់ ថ្ម គ្រួសណា ដែលខុសច្បាប់នោះឡើយ បើទោះបីជាមានខ្នង ជានរណាក៏ដោយ សំខាន់គឺអនុវត្តច្បាប់ដោយស្មើភាព ដើម្បីសុខសុវត្តិភាពបងប្អូន ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវទាំងអស់គ្នា។

នេះបើតាមការបញ្ជាក់របស់លោក ឆេង សំអឿន នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចផ្លូវជាតិលេខ២១២ ស្ថិតភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

លោក ឆេង សំអឿន បានថ្លែងថា លោកឧត្តមសេនីយ៍ស្នងការ ឈឿន សុចិត្ត បានដាក់បទបញ្ជា ឲ្យអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយគ្មានការយោគយល់នរណា ឬខ្សែខាងណានោះឡើយ ត្បិតលោកស្នងការ គឺធ្វើការដើម្បីរាស្ត្រ មិនមែនដើម្បីឈ្មួញនោះឡើយ។
លោកនាយការិយាល័យ ឆេង សំអឿន បានបន្តថា ចំពោះតៃកុងឡានណាដែលបើកបរឈ្លើយ លោកនឹងធ្វើការអប់រំណែនាំ ឲ្យមានឥរិយាបថល្អ តែបើសិនជាសង្ស័យថាមានករណីមានសារធាតុញៀន នឹងមានការពិនិត្យរកសារធាតុញៀន ។

ទន្ទឹមនេះផងដែរ លោកឱ្យដឹងថា ប្រតិបត្តិការនៅថ្ងៃនេះ កម្លាំងចាប់ឃាត់ឡានដឹកដី-ខ្សាច់ ថ្ម គ្រួស ប្រភេទធំ-តូច រាប់សិបគ្រឿង ដើម្បីយកទៅអនុវត្តច្បាប់ ដោយឡែកចំពោះស៊ីផ្លេខ្យល់ និង បិទស្គុតខ្មៅ ត្រូវដោះចេញឲ្យអស់ ដោយគ្មានការយោគយល់ឡើយ ៕