បរទេស៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post នៅរសៀលថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ ក្រុមអ្នកជំនាញយោធាបាននិយាយថា ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ដែលឥណ្ឌាបានបញ្ជាទិញពីរុស្ស៊ី អាចនឹងក្លាយជាការគំរាមកំហែង និងគ្រោះថ្នាក់សម្រាប់ចិន ប្រសិនបើប្រព័ន្ធមីស៊ីលនេះត្រូវបានដាក់ពង្រាយ​នៅក្បែរតំបន់ជម្លោះព្រំដែនរវាងមហាយក្សទាំង ២។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី កាលពីចុងសប្ដាហ៍កន្លងទៅបានរាយការណ៍ថា ទីក្រុងម៉ូស្គូបានយល់ព្រមពន្លឿនការប្រគល់ S-400 ឱ្យឥណ្ឌាមុនកាលបរិច្ឆេទ​ដែលបានកំណត់។ ឥណ្ឌាបានបញ្ជាទិញ និងចុះកិច្ចព្រមព្រៀងទិញ S-400 ក្នុងតម្លៃ ៥.៤៣ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៨ ហើយការប្រគល់មីស៊ីលនេះដំបូង នឹងត្រូវធ្វើឡើងនៅចុងឆ្នាំ២០២១។ ប៉ុន្តែក្រោយផ្ទុះជម្លោះនៅឯតំបន់ព្រំដែននៃជួរភ្នំ ហិម៉ាល័យ (Himalayan) ជាមួយចិន ដែលបានបណ្ដាលឱ្យកងទ័ពឥណ្ឌា ២០នាក់ស្លាប់ ទីក្រុងញូដេលីបានប្ដូរចិត្តចង់បានប្រព័ន្ធមីស៊ីលការពារដែនអាកាសនេះ​នៅខែមករា ឆ្នាំ២០២១ខាងមុខនេះតែម្ដង ទោះបីជាមានការព្រមានដាក់ ទណ្ឌកម្មពីសហរដ្ឋអាមេរិក រឿងទិញអាវុធពីរុស្ស៊ីក៏ដោយ។

ជុំវិញបញ្ហានេះដែរ លោក សុង ចុងពីង (Song Zhongping) ជាអ្នកជំនាញយោធាម្នាក់​ក្នុងទីក្រុងហុងកុងបាននិយាយថា S-400 អាចនឹងក្លាយជាការគំរាមកំហែង និងគ្រោះថ្នាក់សម្រាប់ចិន។ លោក សុង បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រសិនបើ S-400 ត្រូវបានឥណ្ឌាដាក់ពង្រាយ​នៅក្បែរតំបន់ជម្លោះព្រំដែន ឡាដាក (Ladakh) ពិតមែននោះ វានឹងអាចបង្កគ្រោះថ្នាក់ដល់យន្ដហោះចម្បាំងចិន ហើយវាក៏នឹងក្លាយជារឿងឈឺក្បាលមួយផងដែរសម្រាប់ការល្បាត និងត្រួតពិនិត្យតំបន់ព្រំដែនរបស់
កងទ័ពរំដោះប្រជាជនចិន (PLA)»។

ប៉ុន្តែទន្ទឹមគ្នា លោក Song អះអាងថា កងទ័ព PLA ក៏បានដឹងពីចំណុចខ្សាយរបស់ S-400 ដែរ ដ្បិតចិនគឺជាអតិថិជនទិញប្រព័ន្ធមីស៊ីលនេះពីរុស្ស៊ីមុនគេ ក្នុងតម្លៃ ០៣ពាន់លានដុល្លារកាលពីឆ្នាំ២០១៤។ ចិនទទួលបាន S-400 លើកទី ១ កាលពីខែឧសភា ឆ្នាំ២០១៨ និងលើកទី ២ កាលពីខែមករា ដើមឆ្នាំ២០២០ កន្លងទៅនេះ។ លោក Song បន្ថែមដូច្នេះទៀតថា «ដោយសារតែចិនបានប្រើប្រាស់ប្រព័ន្ធ S-400 កងទ័ព PLA អាចនឹងដឹងពីចំណុចខ្សោយរបស់ S-400 នឹងពីមធ្យោបាយកម្ទេចមីស៊ីលនេះ» ៕