បរទេស៖ នៅ​យប់​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ មានករណី​ឃាតកម្ម មក​លើ​ខ្មែរក្រោម​មួយ​គ្រួសារ ដែលជនសង្ស័យ​ជា​ឃាតកជា​ជនជាតិ​យួន ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ ចាប់ខ្លួន​រួចហើយ នៅ​ព្រឹក​ថ្ងៃទី ៣០ ខែមិថុនា នេះ ។

ព័ត៌មាន​បឋម ដែល​វិទ្យុ​សំឡេង​កម្ពុជាក្រោម ទទួល​បាន​ឲ្យដឹង​ថា អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ មក​លើ​ខ្មែរក្រោម​មួយ​គ្រួសារ​នោះ ស្ថិតនៅ​ភូមិ​ជ្រៃ​ភេ ស្រុក​កញ្ចោង ខេត្ត​ព្រះត្រពាំង ត្រូវ​​ជន​ដៃដល់​ជា​ឃាតក និង​ជា​ជនជាតិ​យួន​ផង បាន​សម្លាប់​ទៅលើ​សមាជិក​គ្រួសារ​មាន​មនុស្ស ២ នាក់ ដែល​ម្នាក់​ជា​កម្មការិនី​រោងចក្រ​ អាយុ ៣៦ ឆ្នាំ និង បុរស​ជា​ឪពុក​ម្នាក់​អាយុ ៦៧ ឆ្នាំ ។

ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បើ​តាម​អ្នកភូមិ នៅ​ក្បែរ​ផ្ទះ​ជនរងគ្រោះ​ទាំងពីរ​នោះ សង្ស័យ​ជា​រឿង​គំនុំ (ប៉ុន្តែ មិន​ទាន់​ដឹង​ថា ជា​​គំនុំ​រឿង​អ្វី​នោះ​ទេ​) ។ តាម​ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍ នៅកន្លែង​កើតហេតុ បាន​ប្រាប់ឲ្យដឹង ជនរងគ្រោះ​ជា​កម្មការិនី​ខ្មែរក្រោម ឈ្មោះ ថាច់ ធី​សា​ភា អាយុ ៣៦ នៅ​វេលា​ម៉ោង១០យប់ បាន​ចេញ​មក​ពី​ធ្វើការ​រោងចក្រ រួចហើយ​ក៏​ទៅងូតទឹក​នៅ​ក្រោយផ្ទះ​របស់​ខ្លួន ស្រាប់តែ​ឃាតករលប​មក​វាយសម្លាប់​ពីក្រោយខ្នង បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​​ៗ ។ អ្នក​ឃើញ​ហេតុការណ៍​ដដែល​នេះ បាន​បញ្ជាក់​ទៀត​ថា នៅមុន​ពេល​កើត​ខាងលើ ឪពុក​របស់​ជនរងគ្រោះ ឈ្មោះ ថាច់ ឈួន អាយុ ៦៧ ឮសូរ​សំឡេង​ស្រែក​ខ្លាំង ក៏​រត់ចេញ​មក​ជួយ ហើយ​ពេលនោះ ក៏​ត្រូវ​បាន​ឃាតក​សម្លាប់​ទាំង​ឪពុក​តែម្តង ។

ជុំវិញ​ករណី​នេះ សមត្ថកិច្ច​នគរបាល​យួន កំពុងតែ​បើ​ការ​ស៊ើប​អង្កេ​លើ​ករណី​ឃាតកម្ម​នេះ ព័ត៌មាន​បន្ថែមអង្គភាពពួកយើង នឹង​ធ្វើ​បច្ចុប្បន្នភាព​ជម្រាប​ជូន​ជាបន្តបន្ទាប់​នៅពេលក្រោយទៀត ៕