រាជធានីភ្នំពេញ៖ លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យសក្ដានុពលធម្មជាតិ ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា ហើយបានលែងសត្វសំពោច១ក្បាល និងកូនសត្វពស់ថ្លាន់១ក្បាល ឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ។នេះបើយោងតាមក្រសួងបរិស្ថាន។

សត្វសំពោច១ក្បាលនេះ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារអនុវត្តន៍ច្បាប់ចល័តនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានទទួលពីប្រជាពលរដ្ឋរស់នៅក្នុងក្រុងសែនមនោរម្យ ដើម្បីយកទៅពិនិត្យសុខភាព ស្ដារលទ្ធភាព និងលែងចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ។ ចំណែកកូនពស់ថ្លាន់១ក្បាល ក៏ត្រូវបានក្រុមការងារនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលយកពីប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីយកទៅលែងចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញផងដែរ៕