ភ្នំពេញ៖ គ្រួសារមួយបានធ្វើកម្មវិធីខួបកំណើត ផឹកស៊ីនិងបានចាក់ធុងបាស់ច្រៀងរាំសប្បាយ។ លុះយប់ជ្រៅបន្តិច មានសមត្ថកិច្ច២នាក់ចុះមកណែនាំឱ្យឈប់ចាក់ធុងបាស់ ស្រាប់តែមានជម្លោះជាមួយគ្នា ហើយចោទសមត្ថកិច្ចថា បម្រុងដកកាំភ្លើងគំរាមពួកគាត់ តែខាងសមត្ថកិច្ចថា គ្មានដកកាំភ្លើងមកគំរាមអីនោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខមួយកន្លែង តាមផ្លូវលេខ៤៩០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

មុនពេលកើតហេតុ ផ្ទះខាងលើមានធ្វើកម្មវិធីខួបកំណើត ដោយបានចាក់ធុងបាស់ច្រៀងរាំជាមួយសាច់ញាតិ បងប្អូនយ៉ាងសប្បាយ។ រហូតដល់ម៉ោងជិត១១យប់ ក៍មានសមត្ថកិច្ច២នាក់ចុះមកណែនាំ ហាមឃាត់មិនឲ្យចាក់ធុងបាស់បន្តទៀតព្រោះរំខានដំណេកដល់អ្នកជិតខាង ក៏មានជម្លោះជាមួយគ្នាទៅវិញទៅមក រហូតដល់មានការប្រទាញប្រទង់គ្នា ប៉ះទង្គិចគ្នាមួយប្រាវ។
ភាគីខាងម្ចាស់កម្មវិធីខួបកំណើតបានចោទប្រកាន់សមត្ថកិច្ចថា ពេលសមត្ថកិច្ច២នាក់នោះមកដល់ភ្លាមៗបានគំហក និងប្រើអំពើហិង្សាមកលើពួកគាត់ ហើយបម្រុងដកកាំភ្លើងគំរាមពួកគាត់ទៀតផង។

តែភាគីសមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍នោះមានតែការប្រទាញប្រទង់គ្នាប៉ុណ្ណោះ គឺគ្មានដកកាំភ្លើងមកគំរាមអីនោះទេ។ តែពេលនោះ សមត្ថកិច្ចបានជ្រុះវិទ្យុទាក់ទង ហើយក៏បានឱនរើសយកមកសៀតចង្កេះវិញ ស្រាប់តែខាងម្ចាស់ផ្ទះចោទថាដកកាំភ្លើងខ្លីមកគំរាមគាត់ទៅវិញ។
តែយ៉ាងណា សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដែលស្ថិតក្នុងអាការៈស្រវឹងយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ភ្លាមៗ ដើម្បីឃុំខ្លួនបណ្ដោះអាសន្ន និងធ្វើការសួរនាំ៕

សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖

ដោយ៖​ សិន​ សុភាព