រាជធានីភ្នំពេញ៖ លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ដែលមានសមត្ថភាពអាចគ្រប់គ្រង និងបង្ការការរាតត្បាត មេរោគកូវីដ-១៩ បានយ៉ាង មានប្រសិទ្ធភាព ដោយគិតរហូតមកទល់ពេលនេះកម្ពុជាទទួលបានតែករណីនាំចូលពីខាងក្រៅប៉ុណ្ណោះ។

លោកទូតជប៉ុន បានកោតសរសើរបែបនេះ ក្នុងឳកាសជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។

នាឳកាសនោះដែរ ស៊ុន ចាន់ថុល បានគូសបញ្ជាក់ជូនគណៈប្រតិភូអំពីដំណើរការរលូននៃគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៥ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងសាងសង់ពង្រីកនិងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២និង២២ និងគម្រោងអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធមួយចំនួនផ្សេងទៀត ក្នុងអំឡុងពេលដែលពិភពលោកកំពុងទទួលរងនូវការឆ្លងរាតត្បាត ពីមេរោគកូវីដ-១៩ ដែលក្នុងនោះរួមមានកម្ពុជាផងដែរ។

ដោយឡែកទាក់ទងនឹងការឆ្លងរាតត្បាតនៃមេរោគកូវីដ-១៩នេះ លោកឯកអគ្គរដ្ឋទូតបានស្នើឲ្យ ឯកឧត្តមទេសរដ្ឋមន្ត្រីពិចារណាលើការបន្ធូរបន្ថយចំពោះវិធានការ និងការបង្ការមេរោគកូវីដ-១៩ចំពោះ មន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុនដែលត្រូវមកបំពេញការងារលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធរូបវន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតនិងគណៈប្រតិភូថា នឹងលើកបញ្ហានេះទៅក្រសួងសុខាភិបាល ដើម្បីពិចារណាលទ្ធភាពបន្ធូរបន្ថយចំពោះការអនុវត្តវិធានការ និងការបង្ការមេរោគកូវីដ-១៩នៅកម្ពុជា ដើម្បីឱ្យមន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុនអាចមកបំពេញ ការងារនៅកម្ពុជាដោយគ្មានភាពរាំងស្ទះ។

សូមជម្រាបជូនថា ជំនួបខាងលើនេះមានគោលបំណងពិភាក្សាអំពីផលប៉ះពាល់នៃមេរោគកូវីដ-១៩ទាក់ទងនឹងការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការនៅកម្ពុជា ការផ្លាស់ប្ដូរទស្សនៈទៅវិញទៅមកស្ដីអំពីផលប៉ះពាល់មេរោគកូវីដ-១៩ និងរបាយការណ៍ពីភាគីជប៉ុនទាក់ទងនឹងគម្រោងកំពង់ផែក្រុងព្រះសីហនុផងដែរ៕