ភ្នំពេញ៖ នាវេលាម៉ោងនៅម៉ោង១១និង៤៥យប់ ថ្ងៃទី២៨ ខែមិថុនា មានការផ្ទុះអាវុធដែលបង្កដោយ​អ្នកគ្រប់គ្រង​ជំរុំ (​កន្លែង​ស្នាក់នៅ​របស់​ពលករខ្មែរ​) ជាជនជាតិថៃ បានបាញ់ទៅលើពលករខ្មែរចំនួន៣នាក់ បណ្ដាលឲ្យពលករ១នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៌នេះបានកើតឡើងស្ថិតនៅ ស្រុកមឿង ខេត្ត​រាក់យ៉ង​ ប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន 77kaoded

យោងតាមរបាយការណ៌របស់ប៉ូលីសថៃបានឲ្យដឹងថា នៅថ្ងៃកើតហេុតនោះគឺជាថ្ងៃដែលពលករខ្មែរបើកលុយហើយក៏បាន​ជួបជុំ​ផឹកស៊ី​នៅក្នុង​កន្លែង​ស្នាក់នៅ នៅពេលនោះ​ស្រាប់តែ​អ្នកមើលការខុសត្រូវ​ក​ន្លែ​ង​ស្នាក់នៅ​ជា​ជនជាតិ​ថៃ ក៏បានចុះមកព្រមានហាមមិនឲ្យមានផឹកស៊ី ដោយលើកហេតុផលថា នៅថ្ងៃស្អែកពួកគេត្រូវធ្វើការបន្តទៀត ដូច្នេះត្រូវសម្រាកយកកម្លាំង ដោយហេតុនេះហើយបានធ្វើឲ្យពលករខ្មែរមិនពេញចិត្ត រហូតទាល់តែមានការឈ្លោះទាស់ទែងប្រកែកគ្នា។

ភ្លាមៗនោះស្រាប់តែអ្នកគ្រប់គ្រងជំរុំមានការខឹងសម្បារយ៉ាងខ្លាំង រួចក៏រត់ទៅទាញកាំភ្លើងបាញ់សំដៅទៅលើហ្វូងពលករខ្មែរ ដែលកំពុងផឹកស៊ីបណ្ដាលឲ្យពលរករខ្មែរ៣នាក់ រងរបួសធ្ងន់ ដែលអ្នកទី១ ត្រូវគេបាញ់ចំដើមទ្រូងខាងស្តាំ ហើយក៏បាត់បង់ជីវិតពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ ហើយអ្នកទី២ បាញ់ត្រូវចំកណ្តាលទ្រូងដោយពេលនេះស្ថិតនៅក្នុងមន្ទីរពេទ្យ នៅមិនទាន់ដឹងខ្លួននៅឡើយ ចំណែកអ្នកទី៣ ត្រូវបានគេបាញ់ចំកដៃខាងស្តាំ ហើយក៏កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដូចគ្នា។

របាយការណ៌ក៏បានបញ្ជាក់ដែលថា ដោយឃើញមានផ្ទុះអាវុធពលករខ្មែរ មានការខឹងសម្បារយ៉ាងខ្លាំង រួចក៏នាំគ្នាព្រួតវាយខ្មាញ់កាំភ្លើងរហូតដល់បាត់បង់ជីវិតនៅមុខបន្ទប់ទឹក ដោយបន្សល់ទុកកាំភ្លើងខ្លីមួយដើម ៕