យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Sputnik ដែលបានចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នេះថា អង្គការសហប្រជាជាតិដែលហៅកាត់ថា UN កំពុងស្វែងរកប្រុសស្រីមួយគូដែលបានយករថយន្តរបស់ស្ថាប័នអន្តរជាតិមួយនេះជាក​ន្លែងរួមភេទដែលធ្វើ​​ឱ្យ​​មានការចែកចាយល្បីពេញបណ្តាញសង្គម ។

អ្នកនាំពាក្យនៃអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Stephane Dujarric បានថ្លែងកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ៖«ក្រោយពីបានឃើញវីដេអូនោះរួចមកយើងមានការតក់ស្លុត និងព្រួយបារម្ភជាខ្លាំង ចំពោះអ្វីដែលបានបង្ហាញក្នុងវីដេអូ ។ វាជាទង្វើប្រឆាំងនឹងគោលជំហររបស់ UN ហើយពេលនេះយើងកំពុងធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីស្វែងរកជនដែលប្រព្រឹត្តទង្វើនេះមកទទួលខុសត្រូវចំពោះស្ថាប័នអន្តរជាតិមួយនេះ» ។

គួរបញ្ជាក់ថា អ្នកនាំពាក្យអគ្គលេខាធិការ UN បានដាក់ការសង្ស័យ ទៅលើបុគ្គលិករបស់ ក្រុមការងារអង្គការសហប្រជាជាតិ សម្រាប់ឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀង រវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ប៉ុន្តែការស៊ើបអង្កេតកំពុងធ្វើឡើង ដើម្បីស្វែងរកការពិត។

នៅក្នុងវីដេអូដែលបែកធ្លាយនោះ គេអង្កេតឃើញបុរសម្នាក់ពាក់អាវពណ៌ស និងនារីស្លៀក​ឈុត​ក្រហម កំពុងធ្វើសកម្មភាពរួមភេទ នៅលើកៅអីផ្នែកខាងក្រោយនៃរថយន្តមួយ ដែលមានបិទអក្សរធំៗថា UN៕