ភ្នំពេញ៖ កាលពីថ្ងៃទី ២២ ខែមិថុនា កន្លងទៅថ្មីៗនេះ គណនីហ្វេសប៊ុកឈ្មោះ Aok Bony បានបង្ហោះសារក្នុងន័យត្អូញត្អែនឹករឮកកូនស្រី ដែលជាតារាចម្រៀងល្បីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ត្បិតតែពេលនេះអ្នកនាងមិនទទួលស្គាល់ខ្លួនថាជាឪពុកបង្កើតឡើយ ។

ទាក់ទងនឹងការបង្ហោះសារនេះ មានទស្សនិកជនជាច្រើនបង្ហាញការភ្ញាក់ផ្អើល នឹកស្មានមិនដល់ តែក្នុងនោះក៏មានមហាជនជាច្រើនបានរិះគន់ទៅលើម្ចាស់គណនី Aok Bony ថា កាលកូននៅលំបាក រត់ចោលកូន ដល់ពេលកូនធំឡើងមានមុខមាត់ មានទ្រព្យសម្បត្តិបែជាចេញមុខមកទាញទម្លាក់វិញ ។ មិនតែប៉ុណ្ណោះ មហាជនក៏បានចោទសួរទៅគាត់វិញថា «តើសមជាឪពុកគេដែរទេ ដែលមកជាន់ពន្លិច បង្កើតរឿងអាស្រូវដល់កូនបែបនេះ?»

ទន្ទឹមគ្នានេះដែរ អ្នកនាង ឱក សុគន្ធកញ្ញា ហាក់ដូចជាមិនមានប្រតិកម្មអ្វីឡើយ តែចំពោះបុគ្គល ឱក បូនី ដែលអះអាងថា​ជាឪពុកបង្កើតរបស់តារាចម្រៀងស្រីរូបនេះ បានបង្ហោះសារបន្តទៀត នៅមុននេះបន្តិចថា «ទឹកចិត្តឪពុកមិនចង់បង្ខូចកិត្តិយសកូនទេ និងមិនចង់បានអ្វីពីកូនទេ តែមិនចង់អោយកូនសាងបាបកាន់តែជ្រៅ» ។

សូមបញ្ជាក់ថា តាមរយៈវីដេអូឃ្លីបចាស់មួយអំឡុងពេលតារាចម្រៀង ឱក សុគន្ធកញ្ញា ឡើងឆាកតន្ត្រីមួយកន្លែងបានឲ្យដឹងថា តាមពិតអ្នកនាងបានតស៊ូតាំងពីតូចមកទាំងដែលពុំមានវត្តមានឪពុក ពោលគឺមានតែម្ដាយប៉ុណ្ណោះ ខណៈដែលពួកគាត់ទាំងពីរបានបែកបាក់គ្នា ៕

ដោយ KS
ប្រភព៖ FB/Aok Bony