រាជធានីភ្នំពេញ ៖ ដូចប្រិយមិត្តជ្រាបហើយ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លោកឱក បូនី ដែលជាឪពុករបស់តារាចម្រៀងឱក សុគន្ធកញ្ញា បានបង្ហោះសារបែបអន់ចិត្តថា កូនមិនស្គាលឪ តែលោកថា ទោះជាសុគន្ធកញ្ញា មិនស្គាល់លោកជាឪពុក ក៏លោកមិនប្រកាន់កូនស្រីដែរ។

ក្រោយពីឪពុក ឱក សុគន្ធកញ្ញា បង្ហោះសារបែបនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងរឿងឆ្ងល់ជាខ្លាំង ។ បន្ថែមលើនេះទៀត ឪពុក ឱក សុគន្ធកញ្ញា បានថ្លែប្រាប់បណ្តាញសារព័ត៌មានក្នុងមួយ ថា លោកនិងម្តាយសុគន្ធកញ្ញា អ្នកស្រីអ៊ិន ថាច បានបែកបាក់គ្នាតាំងពីឆ្នាំ២០០០ម៉្លេះ ដែលកាលនោះ សុគន្ធកញ្ញា ទើបមានអាយុ១២ឆ្នាំ។ លោកថា ក្រោយពេលចាប់ដៃជាមួយអ្នកស្រីអ៊ិន ថាច លោកមានកូនស្រី២នាក់ គឺទី១-សុគន្ធកញ្ញា និងកូនស្រីទី២-ឈ្មោះស្រីណា។

លោកបូនី បញ្ជាក់ថា ការដែលកូនស្រីផ្តាច់ទំនាក់ទំនងពីគាត់ជាឪពុកបែបនេះ អាច មកពីម្តាយរបស់គេ (អ្នកស្រីថាច) ដាក់មនោគមន៍ឱ្យកូនស្រីធ្វើអ៊ីចឹង។ តែយ៉ាងណា លោកសប្បាយចិត្តដែលពេលនេះឃើញកូនស្រីជោគជ័យក្នុងអាជីពសិល្បៈ និងរស់នៅដោយមានសុភមង្គលជាមួយប្តី។ ចំណែក ពេលនេះលោកមានវ័យ៥៧ឆ្នាំទៅហើយ និងមានគ្រួសារក្រោយ មានកូនស្រីម្នាក់ទៀតដែរ… តែលោកមិនអស់ចិត្តនឹងកូនស្រីឱក សុគន្ធកញ្ញា ។

ជុំវិញសារពីសំណាក់ឪពុកដ៏គួរឲ្យភ្ញាក់ផ្អើលនេះ តារាចម្រៀងល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក កាលពីម្សិលមិញថា នាងពិតជាមិនបានដឹងអ្វីទាំងអស់ និងមិនយល់ពីអ្វីដែលបានកើតឡើងនាពេលនេះ ហើយបើគាត់ (ឪពុក) បង្ហោះសារនេះមែន នាងចង់ឲ្យទៅសួរលោកឪពុកវិញថា ហេតុអ្វីនៅសុខៗ បង្ហោះពាក្យនេះឡើង។
ឱក សុគន្ធកញ្ញា បញ្ជាក់ថា «ខ្ញុំមិនបានដឹងទេបង..! ខ្ញុំអត់ទាន់យល់ បើគាត់ (ឪពុក) បង្ហោះបែបនេះមែន ខ្ញុំចង់ឲ្យទៅសួរគាត់ទៅថា ហេតុអីគាត់បង្ហោះអ៊ីចឹង?» ៕